យ៉ាងណាមិញ ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះនេះ ក្រសួងកសិកម្មស្នើឱ្យឈ្មួញជួយទិញស្រូវពីកសិករដោយផ្តល់តម្លៃសមរម្យ និងស្នើឱ្យម្ចាស់ដេប៉ូលក់ជីថ្នាំជួយពន្យារពេលក្នុងការទូទាត់សងដល់កសិករ ក៏ដូចជាម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដីជាដើម។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា ពាក់ព័ន្ធករណីដែលថាមានឈ្មួញកណ្តាលធំៗម៉ៅផ្តាច់នៅតាមខេត្តនានាលើការទិញស្រូវ ដែលជាហេតុធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាតែងតែជួបបញ្ហាធ្លាក់ថ្លៃនោះ គឺពុំមែនជាការពិតនោះទេ ដោយបញ្ហានេះគឺជាការយល់ខុសទៅលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យស្រូវអង្ករ។ បើតាមការពន្យល់របស់អ្នកជំនាញរូបនេះ នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងវិស័យនេះ គឺឈ្មួញកណ្តាលមានតួនាទីដើរប្រមូលទិញស្រូវពីកសិករ ដើម្បីលក់ទៅឱ្យរោងម៉ាស៊ីនក្នុងតម្លៃដែលបានឯកភាពគ្នា ខណៈឈ្មួញប្រមូលទិញនេះដែរ គឺមានជាច្រើនម៉ឺននាក់នៅទូទាំងប្រទេស។ បើតាមអ្នកជំនាញរូបនេះ បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃបច្ចុប្បន្ននេះ គឺបណ្តាលមកពីកត្តាតម្រូវការ និងទីផ្សារអង្ករអន្តរជាតិធ្លាក់ចុះ ក្រោយប្រទេសជាច្រើនបង្កើនការដាំដុះ ដែលជំរុញឱ្យស្តុកអង្កររបស់ប្រទេសនីមួយៗមានកំណើនខ្ពស់។
ជុំវិញបញ្ហាតម្លៃស្រូវធ្លាក់ចុះនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទយល់ឃើញថា គួរប្រែក្លាយពីការអាណិតអាសូរកសិករនៅគ្រាដ៏លំបាកនេះ ទៅជាសកម្មភាពជាក់ស្តែងវិញ ដោយស្នើឱ្យឈ្មួញ និងរោងម៉ាស៊ីនកិនស្រូវជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ និងស្នើឱ្យម្ចាស់កម្ចី ម្ចាស់ដេប៉ូជីថ្នាំជួយពន្យារពេលក្នុងការទូទាត់សងរបស់កសិករ ក៏ដូចជាម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលជួលដីជាដើម។ បើតាមរដ្ឋមន្ត្រី្កក្រសួងកសិកម្មរូបនេះ ក្រសួងតែងតែខិតខំជួយដោះស្រាយបញ្ហាតម្លៃស្រូវរបស់កសិករជាបន្តបន្ទាប់ តាមរយៈការបង្កើតជាសហគមន៍កសិកម្មទំនើប ដែលអាចឱ្យកសិករទទួលបានការធានាតម្លៃទុកជាមុន និងទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប និងកាត់បន្ថយថ្លៃដើមផលិតជាដើម។
គួរបញ្ជាក់ថា ការចេញមកបកស្រាយ និងស្នើរបស់មន្ត្រីសហព័ន្ធស្រូវអង្ករកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្មខាងលើធ្វើឡើងក្រោយមានការបង្ហោះសារនៅលើបណ្តាញសង្គមថាមានឈ្មួញកណ្តាលធំៗម៉ៅផ្តាច់នៅតាមខេត្តនានាលើការទិញស្រូវ ដែលជាហេតុធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាតែងតែជួបបញ្ហាធ្លាក់ថ្លៃរៀងរាល់រដូវប្រមូលផលម្តងៗ។ ហើយពាក់ព័ន្ធបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើឱ្យពលរដ្ឋជួយផ្តល់អត្តសញ្ញាណរបស់ឈ្មួញម៉ៅផ្តាច់លើការទិញស្រូវប្រចាំខេត្តនីមួយៗ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់៕