វិស័យសេដ្ឋកិច្ច

អ្នកជំនាញមើលឃើញថា ពលរដ្ឋខ្មែរហាក់មានការរឹតត្បិតការចំណាយ ក្រោយរងការឈ្លានពានពីយោធាថៃជាថ្មី


ការធ្លាក់ចុះសេដ្ឋកិច្ចជាសកល និងបញ្ហាសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ជាច្រើនថ្ងៃមកនេះ បានធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួន ជាពិសេសពលរដ្ឋរស់នៅជាប់ព្រំដែនជាមួយថៃ កំពុងប្រឈមនឹងបញ្ហាជីវភាព។ នេះជាការកត់សម្គាល់របស់អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម ដែលបានបន្ថែមថា អ្នកដែលមានប្រាក់ចំណូលខ្ពស់ និងទៀងទាត់ពុំសូវរងផលប៉ះពាល់នោះទេ។
វិស័យសេដ្ឋកិច្ច
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នពលរដ្ឋកម្ពុជា មួយចំនួនហាក់មានការរឹតត្បិត និងកាត់បន្ថយការចំណាយរបស់ខ្លួន ក្រោយកម្ពុជា រងការឈ្លានពានជាថ្មីសំណាក់យោធាល្មោភសង្គ្រាមថៃ គួបផ្សំសេដ្ឋកិច្ចសកលមានកំណើនយឺត។ តែយ៉ាងណា ការចំណាយរបស់ពលរដ្ឋហាក់ចំគោលដៅ និងត្រូវកាលៈទេសៈដូចជាការចាយវាយលើការទំនុកបម្រុងស្បៀងអាហារដល់ពលរដ្ឋភៀសសឹក និងកងកម្លាំងនៅជួរមុខ ដែលកំពុងទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ។ លោកបណ្ឌិត ហុង វណ្ណៈ បានបន្ថែមថា ស្ថិតក្នុងស្ថានភាពនេះ ពលរដ្ឋកម្ពុជា ដែលមានប្រាក់ចំណូលទៀងទាត់ និងប្រាក់ចំណូលមិនសូវទៀងទាត់ ពិសេសពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកា ដើម្បីទប់ទល់ការលំបាកនៅក្នុងអន្តរកាលនេះ។

​ដោយឡែក លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា សង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពីយោធាថៃ បានបើកការឈ្លានពានមកលើកម្ពុជា សកម្មភាពលក់ដូរមួយចំនួនហាក់មានការថមថយជាងមុន។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចដោយសារពលរដ្ឋកាត់បន្ថយការចំណាយ ដែលមិនមានភាពចាំបាច់។ ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យពលរដ្ឋត្រូវគិតគូរឱ្យបានល្អិតល្អន់លើការប្រើប្រាស់ថវិកាក្នុងពិធីមួយចំនួន ឬអាចកាត់នូវចំណែកណាមួយ ដើម្បីជួយដល់ពលរដ្ឋភៀសសឹក និងកងកម្លាំងដែលរងគ្រោះដោយការឈ្លានពានរបស់ថៃ។

​សូមបញ្ជាក់ថា ការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងខេត្តកោះកុង ខណៈមកដល់ពេលនេះ មានពលរដ្ឋចំនួនជាង៦០ម៉ឺននាក់ បានភៀសសឹកទៅកន្លែងមានសុវត្ថិភាព៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើថៃ អាចអូសបន្លាយសង្គ្រាមឈ្លានពានកម្ពុជា រហូតដល់ថ្ងៃបោះឆ្នោតនៅក្នុងប្រទេសថៃ ឬយ៉ាងណា?

មេដឹកនាំគណបក្សភូមិចៃថៃ ដែលកំពុងកាន់អំណាច បានលើកឡើងដើម្បីតោងយកប្រជាប្រិយភាពថា ប្រសិនបើគណបក្សខ្លួនបន្តដឹកនាំរដ្ឋាភិបាលថៃ នៅក្នុងអាណត្តិថ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ