
រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតម្រង់គោលដៅលើការអនុវត្តគោលនយោបាយថ្មីសម្រាប់ការបញ្ចប់សិទ្ធិស្របច្បាប់របស់និស្សិតបរទេសមួយចំនួន។ ព័ត៌មានថ្មីៗអំពីការអនុវត្តនូវគោលនយោបាយនេះ ត្រូវបានបង្ហាញតាមរយៈពាក្យបណ្តឹងដែលបានដាក់ដោយនិស្សិតមួយចំនួន ក្រោយភាពស្របច្បាប់របស់ពួកគេត្រូវបានលុបចោលពីក្នុងប្រព័ន្ធ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងការពន្យល់ដ៏តិចតួចបំផុត។
កាលពីមួយខែមុន និស្សិតបរទេសនៅទូទាំងសហរដ្ឋអាម៉េរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលពួកគេត្រូវបានដកចេញពីមូលដ្ឋានទិន្នន័យរបស់សិស្ស និងនិស្សិត ដែលរក្សាទុកដោយការិយាល័យអន្តោប្រវេសន៍ និងគយ ហើយមកដល់ពេលនេះ មានអ្នកខ្លះបានទៅលាក់ខ្លួនដោយសារខ្លាចគេនិរទេស ហើយខ្លះទៀតបានបោះបង់ការសិក្សារួច វិល ត្រឡប់ មក មាតុប្រទេសវិញ ខណៈអ្នកខ្លះ ក៏បានតស៊ូតវ៉ាតាមផ្លូវច្បាប់ដោយដាក់ពាក្យបណ្តឹងទៅតុលាការ ។
លោក ប្រេត បានៀ (Brad Banias ) មេធាវីតំណាងឱ្យនិស្សិតទាំងនោះបាននិយាយថា គោលការណ៍ណែនាំថ្មីបានពង្រីកសិទ្ធិអំណាចរបស់ការិយាល័យអន្តោប្រវេសន៍ និងគយលើសពីគោលការណ៍ពីមុន ដោយកាលពីមុនប្រសិនបើនិស្សិតម្នាក់ត្រូវបានដកហូតសិទ្ធិស្របច្បាប់ ពួកគេអាចបន្តស្នាក់នៅសហរដ្ឋអាម៉េរិករហូតដល់បញ្ចប់ការសិក្សា គ្រាន់តែអ្វីដែលពួកគេត្រូវប្រឈមមុខនោះ គឺនិស្សិតរូបនោះ គ្រាន់តែមិនអាចចូលមកសហរដ្ឋអាម៉េរិកបានវិញតែប៉ុណ្ណោះបន្ទាប់ពីការចាកចេញរបស់ពួកគេ។
បើយោងតាមរបាយការណ៍ផ្លូវការ ចំនួននិស្សិតដែលកំពុងស្ថិតក្នុងហានិភ័យនៃការដកហូតសិទ្ធិស្របច្បាប់មានប្រមាណ៦ពាន់៤០០នាក់។ ពួកគេទាំងនោះ ខ្លះគ្រាន់តែមានពិរុទ្ធភាពស្រាលបំផុត គឺត្រឹមតែបើកបរមិនប្រុងប្រយ័ត្ន ហើយករណីនេះកើតឡើងតាំងពីឆ្នាំ២០១៨ មកក៏មានដែរ៕
ដោយៈ សរ សុជាតិ