សារព័ត៌មាន Aljazeera បានរាយការណ៍កាលពីថ្ងៃទី១៩ ខែមីនា ថា សហរដ្ឋអាម៉េរិក អនុម័តកិច្ចព្រមព្រៀងលក់សព្វាវុធមានតម្លៃសរុបរហូតដល់ជាង១៦ពាន់លានដុល្លារដល់ប្រទេសចំនួន៣នៅតំបន់មជ្ឈិមបូព៌ា ចំពេលសង្រ្គាមអាម៉េរិករួមដៃជាមួយអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ ដែលបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាបានអូសបន្លាយពេលអស់៣សប្តាហ៍កន្លងមកនេះ។ ប្រទេសដែលបានចុះកិច្ចព្រមព្រៀងទិញសព្វាវុធពីអាម៉េរិក រួមមាន អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត និងហ្ស៊កដានី ដោយប្រទេសទាំងនេះបានបញ្ជាទិញយន្តហោះគ្មានមនុស្សបើក មីស៊ីល និងប្រព័ន្ធរ៉ាដាការពារដែនអាកាសជាដើម។
បើតាមឯកសារដែលបញ្ចេញដោយក្រសួងការបរទេសអាម៉េរិក អារ៉ាប់រួម បានជះលុយច្រើនជាងគេរហូតដល់ជាង៨ពាន់លានដុល្លារលើទិញយន្តហោះគ្មានមនុស្សបើក មីស៊ីល ប្រព័ន្ធរ៉ាដាការពារដែនអាកាស និងយន្តហោះ F-16។ ចំណែកប្រទេកសគុយវ៉េត បានចុះកិច្ចព្រមព្រៀងមានតម្លៃប្រមាណ៨ពាន់លានដុល្លារលើការប្រព័ន្ធរ៉ាដាការពារដែនអាកាស និងមីស៊ីល និងហ្សកដានី កិច្ចព្រមព្រៀងតម្លៃត្រឹម៧០លានដុល្លារលើការទិញគ្រាប់រំសេវ និងសម្ភារយោធាមួយចំនួនទៀត។
ក្រសួងការបរទេសអាម៉េរិក បានអះអាងថា ការលក់សព្វាវុធនេះ គឺជាផ្នែកមួយ នៃគោលនយោបាយការបរទេស និងសន្តិសុខជាតិ របស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់ប្រទេសដៃគូក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។
គួររំឭកថា ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងបណ្តាប្រទេសសម្ពន្ធមិត្ត បានរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់មីស៊ីល និងដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ ដែលបង្ខំឱ្យប្រទេសទាំងនេះត្រូវពង្រឹងខែលការពារដែនអាកាសរបស់ខ្លួនជាបន្ទាន់៕
ដោយៈ សរ សុជាតិ