វិស័យទេសចរណ៍

វិបត្តិប្រេងឡើងថ្លៃ! តើកម្ពុជា គួររៀបចំយុទ្ធសាស្ត្របែបណា ដើម្បីទប់ទល់នឹងការឡើងថ្លៃសំបុត្រយន្តហោះ?


ឥទ្ធិពល នៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានរុញច្រានឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន១៨ ក្នុងចំណោម៣៦ ដែលមានប្រតិបត្តិការហោះហើរចេញចូលកម្ពុជា សម្រេចដំឡើងថ្លៃសំបុត្រយន្តហោះជាបន្តបន្ទាប់។ ក្នុងនោះក្រុមហ៊ុនក្នុងស្រុកបានដំឡើងជាមធ្យម២១ដុល្លារ ខណៈក្រុមហ៊ុនបរទេសដំឡើងប្រមាណ២៨ ដុល្លារក្នុងមួយសំបុត្រ។ តើការឡើងថ្លៃមធ្យោបាយធ្វើដំណើរនេះ នឹងជះឥទ្ធិពលកម្រិតណាដល់វិស័យទេសចរណ៍? ហើយតើកម្ពុជា គួរមានយន្តការបែបណា ដើម្បីកាត់បន្ថយហានិភ័យនេះ?
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា កំណើនថ្លៃសំបុត្រយន្តហោះជាសកល ក៏ដូចជានៅកម្ពុជា កំពុងរំខានដល់ផែនការចំណាយរបស់អ្នកទេសចរ ដែលអាចធ្វើឱ្យកម្ពុជា បាត់បង់ភ្ញៀវមួយចំនួន។ ដើម្បីដោះស្រាយបញ្ហានេះ លោកជំទាវ យល់ឃើញថា កម្ពុជា គួរងាកមកពង្រឹងទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែសកម្ម ដើម្បីរក្សាចលនាសេដ្ឋកិច្ចតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជីវករក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវពង្រឹងគុណភាពសេវាកម្ម និងផលិតផលឱ្យកាន់តែទាក់ទាញ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងក្នុងស្ថានភាពដ៏លំបាកនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា កត់សម្គាល់ឃើញថា ការឡើងថ្លៃមធ្យោបាយធ្វើដំណើរបានកើតមានជាសកល ពោលមិនមែនកើតមានតែកម្ពុជានោះទេ។ នៅក្នុងបរិបទនេះអ្នកជំនាញរូបនេះយល់ថា វិស័យទេសចរណ៍របស់កម្ពុជានៅតែស្ថិតក្នុងជម្រើសល្អរបស់អ្នកទេសចរ ដោយសារមកដល់ពេលនេះ ផ្នែកសេវាកម្មបដិសណ្ឋារកិច្ច ដូចជាសណ្ឋាគារ និងអាហារដ្ឋានពុំទាន់មានការឡើងថ្លៃខ្លាំងនៅឡើយទេ។

បើតាមបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៦ ដែលកំពុងមានប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា មានក្រុមហ៊ុនចំនួន១៨ហើយ ដែលបានសម្រេចកែសម្រួលថ្លៃសំបុត្ររបស់ខ្លួន។ ការដំឡើងថ្លៃនេះ គឺធ្វើឡើងទៅតាមដំណាក់ផ្លូវហោះហើរជាក់ស្តែង ពោលគឺអាស្រ័យលើចម្ងាយជិត ឬឆ្ងាយរបស់ក្រុមហ៊ុននីមួយៗ។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤បានដំឡើងថ្លៃសំបុត្រចន្លោះពី៥ដុល្លារទៅ៣២ដុល្លារ ឬជាមធ្យមប្រមាណ២១ដុល្លារ។ ដោយឡែកចំពោះក្រុមហ៊ុនអាកាសចរណ៍បរទេសវិញ ក៏បានដំឡើងថ្លៃជាមធ្យមប្រមាណ២៨ដុល្លារផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើពលរដ្ឋគួរខ្ចីប្រាក់បន្ថែម ឬមានការថ្លឹងថ្លែងបែបណាក្នុងការប្រើប្រាស់ឥណទានក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា?

ជាការពិតណាស់ ឥណទាន គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់គាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់ពលរដ្ឋ ក្នុងការកែលម្អជីវភាពរស់នៅ និងជំរុញកា…

លោក លី សុង មនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ត្រូវបានកម្ពុជា ដកសញ្ជាតិ និងបញ្ជូនទៅកាត់ទោសនៅចិន ពាក់ព័ន្ធការលាងលុយកខ្វក់៤ពាន់លានដុល្លារ

លោក លី សុង មនុស្សជំនិតរបស់លោក ចេន ហ្ស៊ី ត្រូវបានកម្ពុជា ដកសញ្ជាតិ និងបញ្ជូនទៅកាត់ទោសនៅចិន!! តើបុរសឈ្មោះ លី សុង (LI XIONG) ជានរណា? ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ