
លោក ញៀន ចំរើន ប្រធានផ្នែកទីផ្សាររបស់ Cambodia Fresh Farm ដែលជាកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាដ៏ធំមួយនៅកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ គម្រោងនាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារជប៉ុន ដែលកសិដ្ឋានខ្លួនបានដាក់ក្តីរំពឹងជាយូរមកហើយនោះ នៅពុំទាន់អាចសម្រេចបាននៅឡើយទេ។ មិនទាន់អាចសម្រេចបានក៏ដោយសារមានឧបសគ្គមួយចំនួនទៅលើការដឹកជញ្ជូន ដ្បិតថា វាមានតម្លៃខ្ពស់ ដែលមិនទាន់អាចទទួលយកបាន។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងព្យាយាមសម្របសម្រួល និងស្វែងរកដៃគូដឹកជញ្ជូនដែលមានតម្លៃសមរម្យ ដើម្បីអាចនាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារជប៉ុនបាននៅចុងឆ្នាំ២០២៥នេះ។ ក្រៅពីបញ្ហាការដឹកជញ្ជូន គឺមិនមានឧបសគ្គអ្វីទឿតនោះទេ ពោលគឺស្តង់ដាគុណភាពសាច់ត្រីទីឡាព្យារបស់កសិដ្ឋានត្រូវបានទទួលស្គាល់ពីទីផ្សារជប៉ុន។ នេះបើតាមការអះអាងរបស់ប្រធានទីផ្សាររូបនេះ។
បើតាមលោក ញៀន ចំរើន ក្រៅពីគម្រោងនាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារជប៉ុន កសិដ្ឋាននេះក៏មានគម្រោងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ផងដែរ ដ្បិតថា កសិដ្ឋាន Cambodia Fresh Farm បានទទួលវិញ្ញាបនបត្រនៃការទទួលស្គាល់ស្តង់ដាសុវត្ថិភាព ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបរួចហើយ ដោយបច្ចុប្បន្នកំពុងស្វែងរកដៃគូបញ្ជាទិញនៅទីផ្សារអឺរ៉ុប តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm មានស្រះចិញ្ចឹមត្រីចំនួន២១ស្រះលើទំហំផ្ទៃដី៤ហិកតាកន្លះ និងបានផ្គត់ផ្គង់សាច់ត្រីទីឡាព្យាកែច្នៃរួចទៅកាន់ផ្សារទំនើប និងកន្លែងលក់សាច់ត្រីធំៗបានប្រមាណ៥០០ទៅ១០០០គីឡូក្រាមក្នុង១ខែៗ។ តែយ៉ាងណា កសិដ្ឋាននេះ មិនបានបញ្ជាក់ពីទំហំប្រាក់ចំណូលដែលខ្លួនអាចទទួលបាននោះទេ គ្រាន់តែបញ្ជាក់ថា សាច់ត្រីទីឡាព្យាដែលខ្លួនផ្គត់ផ្គង់ឱ្យទីផ្សារទាំងនោះមានតម្លៃចាប់ពី១៣ដុល្លារក្នុង១គីឡូក្រាម៕