មេដឹកនាំទីម័រ

មេដឹកនាំទីម័រខាងកើត ចាត់ទុកការក្លាយជាសមាជិកអាស៊ានជាផ្លូវការ ជាការសម្រេចក្តីសុបិនដ៏ធំរបស់ខ្លួន


​ទីម័រខាងកើត ដែលជាប្រទេសដែនកោះដ៏តូចមួយមានប្រជាជនសរុបប្រមាណ១,៤លាននាក់ បានក្លាយជា​សមាជិកទី១១របស់អាស៊ានជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមេដឹកនាំប្រទេសនេះបានចាត់ទុកការក្លាយជាសមាជិកពេញសិទ្ធនេះជាការសម្រេចក្តីសុបិនដ៏ធំរបស់ខ្លួន។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានប្រកាសស្វាគមន៍សមាជិកភាពរបស់ទីម័រខាងកើត ហើយបានចាត់ទុកការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត គឺជារឿងដ៏សំខាន់មួយ ដែលបញ្ជាក់ជាថ្មីអំពីជោគវាសនារួម និងស្មារតីនៃចំណងមិត្តភាពក្នុងតំបន់។
មេដឹកនាំទីម័រ
ដោយ

ទីភ្នាក់ងារព័ត៌មានរបស់ម៉ាឡេស៊ី Bernama បានរាយការណ៍ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន បានចាត់ទុកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ទីម័រខាងកើត ដែលបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានបញ្ជាក់ជាថ្មីអំពីជោគវាសនារួមរបស់តំបន់ និងស្មារតី នៃចំណងមិត្តភាព និងសាមគ្គីភាពក្នុងតំបន់។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក អាន់វ៉ា បានមានប្រសាសន៍ថា ការដាក់បញ្ចូលទីម័រខាងកើតបានផ្តល់នូវអត្ថន័យថ្មីដល់ចក្ខុវិស័យរបស់អាស៊ាន ដែលមានការរួបរួម និងឯកភាពគ្នា។

លោកបានបន្តថា នៅក្នុងសហគមន៍នេះការអភិវឌ្ឍរបស់ទីម័រខាងកើត និងស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន នឹងទទួលបានការគាំទ្រយ៉ាងរឹងមាំ និងយូរអង្វែង។ អាស៊ានដែលបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ឥឡូវនេះមានសមាជិកចំនួន១១ប្រទេសរួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រខាងកើត។

លោក កៃ រ៉ាឡា ហ្សាណាណា ហ្គោស្មាវ ( Kay Rala Xanana Gusmão) នាយករដ្ឋមន្រ្តីទីម័រខាងកើត បានចាត់ទុកការក្លាយជាសមាជិកពេញសិទ្ធិរបស់ទីម័រខាងកើតមិនត្រឹមជាការសម្រេចក្តីសុបិនដ៏ធំនោះទេ ទេវាក៏ជាការបញ្ជាក់ភាពធន់ ការតាំងចិត្ត និងក្តីសង្ឃឹមផងដែរ។ នាយករដ្ឋមន្ត្រីរូបនេះបានសម្តែងការដឹងគុណចំពោះរដ្ឋជាសមាជិកអាស៊ាន ប្រធានអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ចំពោះការជឿទុកចិត្ត ការលើកទឹកចិត្ត និងសាមគ្គីភាពដ៏រឹងមាំកន្លងមក។ លោកបានអះអាងថា ចាប់តាំងពីបានដាក់ពាក្យនៅឆ្នាំ ២០១១ ទីម័រខាងកើតបានរៀបចំស្ថាប័ន កែទម្រង់គោលនយោបាយ និងពង្រឹងការត្រៀមខ្លួនក្នុងការចូលជាសមាជិករបស់អាស៊ាន។

ទីម័រខាងកើត ដែលទទួលបានឯករាជ្យពីឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ មានប្រជាជនសរុបប្រមាណ១,៤លាននាក់ ហើយសេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកខ្លាំងលើការនាំចេញប្រេង និងឧស្ម័ន ខណៈវិស័យកសិកម្ម និងសេវាកម្មកំពុងរួមចំណែកកាន់តែខ្លាំងឡើងដល់ចំណូលជាតិ។ ផលិតផលក្នុងស្រុកសរុបរបស់ទីម័រខាងកើតបានកើនឡើង៣,៤%កាលពីឆ្នាំ២០២៤ ឈានដល់ជិត២ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករថា នឹងកើនឡើង៣,៩%នៅឆ្នាំ២០២៥ ចំពេលអតិផរណាមានការថយចុះ និងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពសារពើពន្ធរបស់ប្រទេស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក អាន់វ៉ា លើកឡើងថា សន្តិភាព និងវិបុលភាពរបស់អាស៊ាន មិនអាច​ប្រព្រឹត្តទៅដោយគ្មានការចូលរួមពីកិច្ចសហប្រតិបត្តិការផ្សេងទៀតនោះទេ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៥ បានលើកឡើងថា សន្តិភាព និងវិបុលភាពរបស់អា…

តើថៃ ហ៊ានរំលោភកិច្ចព្រមព្រៀងសន្តិភាព ដែលទើបចុះហត្ថលេខារួមគ្នាជាមួយកម្ពុជា ទេ ហើយបើរំលោភ ថៃ អាចប្រឈមនឹងបញ្ហាអ្វីខ្លះ?

ដូចការគ្រោងទុកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជា និងថៃ ​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ