វិស័យពាណិជ្ជកម្ម

តើកម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទាញយកសក្តានុពលបន្ថែមពីកិច្ចព្រមព្រៀង RCEP?


ទោះបីជាវិបត្តិសេដ្ឋកិច្ចសកលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី តែការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ នៅតែមានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់។ តួយ៉ាងនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសក្រោមកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានឈានទៅដល់ជាង៣២ពាន់លានដុល្លារកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកតាមដានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកទីផ្សារក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាដៃគូរដោះដូរពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជា ដែលបានផ្តល់ផ្លែផ្កាយ៉ាងច្រើនដល់កំណើននាំចេញទំនិញរបស់កម្ពុជា ពិសេសផលិផលកសិកម្ម វាយនភណ្ឌកាត់ដេរ និងសម្ភារៈអគ្គិសនីជាដើម។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា គួរទាញសក្តានុពលពីកិច្ចព្រមព្រៀងនេះបន្ថែមទៀត ដ្បិតជញ្ជីងពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ជាមួយទីផ្សារ RCEP នៅមានគម្លាតធំនៅឡើយ ដែលទាមទារឱ្យកម្ពុជា បង្កើនសមត្ថភាពផលិតរបស់ខ្លួនបន្ថែម ដើម្បីជំរុញដល់ការនាំចេញ ជាពិសេសក្នុងវិស័យ SME, ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា, ការធ្វើពិពិធកម្មផលិតកម្ម និងជំរុញទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែម។

​​ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានចាត់ទុកទីផ្សារ RCEP គឺជាទីផ្សារនាំចេញដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។ សម្រាប់អ្នកជំនាញរូបនេះ ទីផ្សារ RCEP គឺជាទីផ្សារដ៏ធំ និងមានសក្តានុពលមួយនៅលើពិភពលោក ដែលប្រទេសនីមួយៗអាចចាប់យកឱកាសពីចំណែកទីផ្សារនេះ ដូច្នេះកម្ពុជាត្រូវបង្កើនការផលិតរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃ ក្នុងការជំរុញការនាំចេញរបស់ខ្លួនចូលទៅកាន់ទីផ្សារដ៏ធំនេះ។

​ស្រដៀងគ្នានេះដែរ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀម RCEP គឺបានបើកឱកាសឱ្យកម្ពុជា ពង្រើកនូវទីផ្សារនាំចេញថ្មីបន្ថែម ក្រៅពីទីផ្សារនៅតំបន់អឺរ៉ុប និងសហរដ្ឋអាម៉េរិក ព្រមទាំងជួយជំរុញឱ្យមានការតភ្ជាប់ផ្លូវដឹកជញ្ជូនថ្មីៗបន្ថែមផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីជំរុញកិច្ចដោះដូរពាណិជ្ជកម្មរបស់បណ្តាប្រទេសក្រោមកិច្ចព្រមព្រៀងនេះឱ្យបានកាន់តែប្រសើរថែមទៀត គឺចាំបាច់ត្រូវមានការជួបប្រជុំគ្នាឱ្យបានកាន់តែទូលំទូលាយ ដើម្បីស្វែងយល់អំពីបទពិសោធន៍ នៃការធ្វើពាណិជ្ជកម្មរវាងគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលអាចកើតមានឡើង។

​គួរជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកបានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយមានប្រទេសជាសមាជិកចំនួន១៥ រួមមានប្រទសសមាជិកអាស៊ានចំនួន១១ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP បានឈានទៅដល់ជាង៣២ពាន់លានដុល្លារកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង៨ពាន់១រយលានដុល្លារ កើនឡើងជាង១០% ខណៈការនាំចូលមកកម្ពុជាវិញមានទំហំជាង២៤ពាន់៧រយលានដុល្លារកើនឡើងជាង១៨%៕




អត្ថបទបន្ទាប់


ការហក់ចូលឧស្សាហកម្មសន្តិសុខរបស់វៀតណាម កំពុងបង្កឱ្យមានការបារម្ភពីបញ្ហាសិទ្ធិមនុស្ស

វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា មានគម្រោងបង្កើតទីភ្នាក់ងាររដ្ឋមួយ ដើម្បីបង្កើតកម្មវិធីសន្តិសុខតាមអ៊ីនធឺណិត និងផលិតផលពាក់ព័ន្ធ ដែលជាវិធាន…

អ្នកជំនាញស្នើឱ្យភាគីពាក់ព័ន្ធជួយស្វែងរកទីផ្សារ ដើម្បីបង្វែរការនាំចេញដំឡូងមីពីថៃ ទៅកាន់ទីផ្សារវៀតណាម

នៅក្នុងរដូវប្រមូលផលដំឡូងមីចុងឆ្នាំនេះ អ្នកជំនាញសង្កេតឃើញថា ដំឡូងមីនៅតំបន់ជាប់ព្រំដែនជាប់ជាមួយវៀតណាម ហាក់ទទួលបានតម្លៃល្អ ដោយកសិករអាចល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ