សារព័ត៌មាន VN Express បានរាយការណ៍ថា វៀតណាម និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព។ បើតាមការអះអាងរបស់សេតវិមាន ភាគីទាំងពីរនឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងរក្សាពន្ធគយក្នុងកម្រិត២០% លើទំនិញវៀតណាមភាគច្រើន ប៉ុន្តែនឹងលើកពន្ធគយលើផលិតផលមួយចំនួន ដែលនឹងត្រូវសម្រេចនៅដំណាក់កាលពិភាក្សាចុងក្រោយ។
ជាថ្នូរនឹងការសម្របសម្រួលនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់វៀតណាម នឹងទិញយន្តហោះចំនួន៥០គ្រឿងពីក្រុមហ៊ុន ប៊ូអ៊ីង ក្នុងតម្លៃជាង៨ពាន់លានដុល្លារ។ បន្ថែមលើនេះ ក្រុមហ៊ុនវៀតណាម ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន២០ ជាមួយក្រុមហ៊ុនអាម៉េរិក ដើម្បីទិញទំនិញកសិកម្មរបស់អាម៉េរិក ដែលមានតម្លៃសរុបប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងវៀតណាម សម្រេចបានជាង១២៦ពាន់លានដុល្លារកើនឡើងប្រមាណ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមការរំពឹងទុកសហរដ្ឋអាម៉េរិក និងវៀតណាមនឹងខិតខំបញ្ចប់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមកឲ្យបានឆាប់ ដើម្បីដោះស្រាយផលប៉ះពាល់មួយចំនួនរវាងប្រទេសទាំងពីរ ជាពិសេសទាក់ទងនឹងឧបសគ្គមិនមែនពន្ធ។ ជាមួយគ្នានេះសហរដ្ឋអាម៉េរិក និងវៀតណាម ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកគោលដៅរួម ដើម្បីបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការដោះស្រាយការគេចវេសពន្ធ និងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការនាំចេញ៕
ដោយៈ សរ សុជាតិ