អ្នកជំនាញភូមិសាស្ត្រនយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គមយល់ថា តាមរយៈអនុសញ្ញានេះវានឹងផ្តល់ផលប្រយោន៍យ៉ាងច្រើនដល់កម្ពុជា ជាពិសេសជួយដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសជិតខាង និងស្ដារសេដ្ឋកិច្ចតាមរយៈទាញយកផលប្រយោជន៍ពីដែនសមុទ្រ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានលើកឡើងថា ការផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រ នឹងជួយឱ្យកម្ពុជា មានមូលដ្ឋានច្បាប់ច្បាស់លាស់ក្នុងការការពារដែនអធិបតេយ្យភាពសមុទ្ររបស់ខ្លួន។ លោកបានគូសបញ្ជាក់បន្ថែមថា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ក្នុងករណីមានជម្លោះ ឬការឈ្លានពានពីប្រទេសជិតខាងណាមួយ ហើយមិនអាចដោះស្រាយតាមយន្តការទ្វេភាគីបាន កម្ពុជា អាចប្រើប្រាស់យន្តការអន្តរជាតិនេះ ដើម្បីតវ៉ា និងស្វែងរកការជួយអន្តរាគមន៍ពីសហគមន៍អន្តរជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ប្រសិនបើកម្ពុជា ផ្ដល់សត្យាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី នីតិសមុទ្រក្នុងកាលៈទេសៈនេះ វាជាចំណុចរបត់ដ៏សំខាន់មួយ ដែលកម្ពុជា កំពុងប្រើប្រាស់លក្ខខណ្ឌតូបករណ៍អន្តរជាតិ ប្រយុទ្ធប្រឆាំងជាមួយប្រទេសថៃ ឈ្លានពាន។ អ្នកជំនាញរូបនេះ បានគូសបង្ហាញថា កម្ពុជា អាចនឹងដោះស្រាយបញ្ហាតាមព្រំដែនសមុទ្រនៅកន្លែងត្រួតស៊ីគ្នាជាមួយប្រទេសជិតខាងដោយផ្នែកលើយន្តការច្បាប់អន្តរជាតិ។ ជាងនេះទៅទៀត ការឈានដល់ការផ្ដល់សញ្ចាប័ន កម្ពុជា ក៏អាចទាញយកធនធានប្រេងនៅក្រោមបាតសមុទ្រប្រកបដោយនិរន្តភាព ដែលអាចស្រូបទាញអ្នកវិនិយោគពីបរទេសមកបោះទុន និងជួយឱ្យកម្ពុជា អាចការពារផលប្រយោជន៍នៅដែនសមុទ្រស្របតាមច្បាប់អន្តរជាតិ ផងដែរ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានកត់សម្គាល់ថា កន្លងមកនៅពេលកម្ពុជា មានបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង កម្ពុជា ហាក់មានភាពលំបាកក្នុងការដោះស្រាយ ដោយសារពួកគេហាក់មានប្រៀបជាង។ ដូច្នេះអ្នកជំនាញរូបនេះយល់ថា ការចូលជារដ្ឋភាគី នៃអនុសញ្ញា UNCLOS គឺជារឿងមួយដ៏ល្អសម្រាប់កម្ពុជា ព្រោះវាមិនត្រឹមតែជួយការពារព្រំដែនសមុទ្រពីការរំលោភបំពានប៉ុណ្ណោះទេ តែថែមទាំងអាចរួមចំណែកជួយជំរុញសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងការធ្វើទេសចរណ៍នៅក្នុងសមុទ្រផងដែរ។
បើតាមការគូសបញ្ជាក់របស់រដ្ឋសភាកម្ពុជា ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ដែលជាប្រទេសមានសមុទ្រ នូវក្របខណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ, ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងការពង្រឹងតួនាទីកម្ពុជា លើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិ នីតិសមុទ្រជាដើម។ លើសពីនេះ អនុសញ្ញានេះ នឹងផ្តល់ឱ្យកម្ពុជា នូវក្របខណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប។
បច្ចុប្បន្នមានប្រទេសចំនួន១៧១បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ ហើយក្នុងក្របខណ្ឌអាស៊ាន ប្រទេសចំនួន១០រួមទំាង ប្រទេសឡាវ ដែលជាប្រទេសមិនជាប់សមុទ្រ ក៏បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយដែរ។ ចំណែកកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញានេះកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣៕
អត្ថបទ៖ ជា ម៉ារ៉ា