លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដ៏លំបាកសម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយសារមានបញ្ហាជាច្រើនបានកើតឡើងរាប់ចាប់តាំងពីបញ្ហាជម្លោះព្រំដែនជាមួយថៃ រហូតដល់បញ្ហាភូមិសាស្ត្រនយោបាយសកល ដែលបញ្ហានេះ បានគំរាមកំហែងដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា នៅឆ្នាំ២០២៦ អ្នកពាក់ព័ន្ធទាំងអស់ត្រូវចេះសម្របខ្លួនតាមស្ថានភាពជាក់ស្ដែង និងត្រូវរួមគ្នាជួយផ្សព្វផ្សាយ និងធ្វើទីផ្សារទេសចរណ៍ដោយផ្ទាល់ជាមួយប្រទេសគោលដៅនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ មកដល់ពេលនេះភ្ញៀវទេសចរបរទេសមួយចំនួននៅតែខ្លាចរអាក្នុងការធ្វើដំណើរកម្សាន្តមកកម្ពុជា ដោយសារតែពួកគេបារម្ភពីសុវត្ថិភាពដែលកើតចេញពីក្រុមឧក្រិដ្ឋជនអនឡាញ ដែលទាមទារឱ្យរដ្ឋាភិបាលបង្កើនការបង្ក្រាបបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បញ្ហាអសន្តិសុខកើតចេញពីសង្រ្គាមបង្កឡើងដោយប្រទេសថៃមកលើកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ការស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា ក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញអ្នកជំនាញរូបនេះ យល់ឃើញថា ប្រសិនបើបញ្ហាទាំងនេះនៅតែបន្តកើតមាន នោះវានឹងបង្កការលំបាកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅតាមតំបន់គោលដៅទេសចរណ៍នានារបស់កម្ពុជា នៅឆ្នាំនេះ។ អ្នកជំនាញរូបនេះបានបន្តថា ស្ថិតក្នុងស្ថានភាពនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចការងារជាប្រក្រតី និងបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សក្ដានុពលរបស់កម្ពុជា សំដៅដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា បន្ថែមទៀត នៅក្នុងឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសជាង៥,១លាននាក់ ធ្លាក់ចុះប្រមាណជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍៕
អត្ថបទ៖ បូ ដូឡា