
ទិន្នន័យរបស់ទីភ្នាក់ងារ World Tourism Barometer របស់អង្គការសហប្រជាជាតិ បានបង្ហាញថា កាលពីឆ្នាំ២០២៤ អ្នកដំណើរអន្តរជាតិ ចំនួន៧៤៧លាននាក់ បានធ្វើដំណើរទៅទស្សនាទ្វីបអឺរ៉ុប ដែលជាចំនួនមួយច្រើនជាងតំបន់ណាៗទាំងអស់នៅក្នុងពិភពលោក ក្នុងនោះតំបន់អឺរ៉ុបខាងត្បូង និងអឺរ៉ុបខាងលិច បានស្វាគមន៍ភ្ញៀវទេសចរជាង៧០%។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ នេះ បាននិយាយថា កត្តាដែលជំរុញចំនួនភ្ញៀវទេសចរឡើងដល់កំពូលនេះរួមមានតម្លៃសំបុត្រយន្តហោះសមរម្យ ប្រព័ន្ធផ្សព្វផ្សាយសង្គម ភាពងាយស្រួលនៃការដាក់ពាក្យសុំធ្វើដំណើរដោយប្រើបញ្ញាសិប្បនិម្មិត និងទស្សនវិស័យសេដ្ឋកិច្ចដ៏រឹងមាំ។
ភ្ញៀវទេសចរដែលបានទៅលេងតំបន់នេះភាគច្រើនមកពីសហរដ្ឋអាម៉េរិក ជប៉ុន ចិន និងចក្រភពអង់គ្លេស ដោយពួកគេភាគច្រើនទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមក្នុងទីក្រុងបាសេឡូណា នៃប្រទេសអេស្ប៉ាញ និងទីក្រុងវេណៃ នៃប្រទេសអ៊ីតាលី។
ស្របពេលចំនួនអ្នកធ្វើដំណើរបានទៅដល់តំបន់អឺរ៉ុប មានការកើនឡើងខ្លាំង វាក៏បានបង្កក្ដីបារម្ភមួយចំនួនផងដែរដូចជាធ្វើឱ្យថ្លៃឈ្នួលផ្ទះហក់ឡើងខ្ពស់ រំខានដល់ការប្រើប្រាស់ទឹកស្អាត និងប្រព័ន្ធអ៊ីនធឺណិតនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងបង្កឱ្យមានការតវ៉ា និងវិធានការកាត់បន្ថយផលប៉ះពាល់នៃទេសចរណ៍ទៅលើសង្គមផងដែរ។ តួយ៉ាងនៅប្រទេសអេស្បាញ ក្រុមសកម្មជនប្រឆាំងទេសចរណ៍ អ្នកសិក្សា និងរដ្ឋាភិបាល បាននិយាយថា ទេសចរណ៍ហួសកំណត់កំពុងបង្កើនតម្លៃផ្ទះនៅកណ្តាលទីក្រុង និងទីតាំងពេញនិយមផ្សេងទៀតដោយសារតែការរីកសាយនៃការជួលរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរ។
ចំណែកនៅប្រទេសបារាំងវិញ សារមន្ទីរលូវើ (Louvre) ដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោកបានបិទទ្វារនៅសប្តាហ៍នេះ ដោយសារបុគ្គលិករបស់សារមន្ទីរនេះបានធ្វើកូដកម្មដោយព្រមានថា សារមន្ទីរនេះនឹងដួលរលំដោយសារភ្ញៀវបានតម្រង់ជួរគ្នាលើសកម្រិតនៅក្រោមពន្លឺព្រះអាទិត្យដើម្បីចាំទិញសំបុត្រចូលទស្សនា៕
ដោយ៖ សុខ មង្គល