ការបោះទុនដ៏សម្បើមរបស់តូយ៉ូតា ក្នុងការផលិតយានយន្ដអគ្គិសនីនេះ គឺធ្វើឡើងស្របទៅតាមនិន្នាការពិភពលោក ដែលក្រុមហ៊ុនរថយន្ដអន្តរជាតិធំៗរួមមាន BMW, Ford និងHonda ជាដើមសុទ្ធតែបាននិងកំពុងមានផែនការផលិតថយន្ដប្រភេទនេះដូចគ្នាដែរ ដើម្បីប្រកួតប្រជែងលើទីផ្សារ ចំពេលដែលតម្រូវការក៏កំពុងមានការកើនឡើងកាន់តែច្រើន។
ប្រទេសឥណ្ឌូនេស៊ី កំពុងក្លាយជាមេដែកដ៏សំខាន់មួយ ទាក់ទាញការវិនិយោគធំៗជាច្រើនពាក់ព័ន្ធនឹងការផលិតរថយន្ដអគ្គិសនី ក៏ដូចជាថ្មអាគុយរថយន្ដផងដែរ ដ្បិតប្រទេសនេះ មានវត្ថុធាតុដើមច្រើនសម្រាប់ការផលិតផលិតផលទាំងនេះ។ ប្រទេសតំបន់អាស៊ីអាគ្នេយមួយនេះ ក៏មានគោលដៅ ក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការផលិត និងនាំចេញយានយន្ដអគ្គិសនីផងដែរ ព្រោះប្រទេសនេះ សម្បូរទៅដោយថ្មនីកែល សម្រាប់ផលិតអាគុយលីចូមប្រើប្រាស់ក្នុងយានយន្ដអគ្គិសនី។
ក្រៅតែពីតូយ៉ូតា ក្រុមហ៊ុនលំដាប់ពិភពលោកមួយចំនួនទៀត ក៏បានប្រកាសពីការវិនិយោគធំៗរបស់ពួកគេនៅឥណ្ឌូនេស៊ីដែរ ដូចជា ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន LG Energy Solutions របស់កូរ៉េខាងត្បូងជាដើម។
ក្រៅពីនេះ ក្រុមហ៊ុនជប៉ុនដ៏ធំមួយទៀត គឺ Mitsubishi ក៏មានផែនការនឹងវិនិយោគជាង ៦៧០លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ដើម្បីផលិតរថយន្ដកូនកាត់ប្រើសាំងផង និងអាគុយផង (Hybrid) និងការផលិតអាគុយយានយន្ដអគ្គិសនីជាដើមុំ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី អះអាងថា ក្រុមហ៊ុន តូយ៉ូតា ក៏ធ្លាប់បានវិនិយោគប្រមាណជាង ៩០០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៩ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នមានប្រជាជន២៧០លាននាក់ មានគោលដៅ នឹងលក់តែរថយន្ដ និងម៉ូតូអគ្គិសនីប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០៥០ ដោយលែងឲ្យមានការលក់រថយន្ដប្រើប្រេងឥន្ធនៈតទៅទៀតហើយ ព្រោះដើម្បីកាត់បន្ថយការបំភាយសារធាតុកាបូនចូលទៅក្នុងបរិយាកាស។ នៅឆ្នាំ២០៣០ ឥណ្ឌូនេស៊ី មានគោលដៅ នឹងបង្កើតឲ្យបានម៉ូតូអគ្គិសនីប្រើប្រាស់ក្នុងស្រុក ១៣លានគ្រឿង និងរថយន្ដអគ្គិសនី ២លាន២សែនគ្រឿង៕