វិស័យពាណិជ្ជកម្ម

តើការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានស្ថានភាពបែបណា ក្រោយមានការផ្ទុះអាវុធដាក់គ្នា?


អ្នកជំនួញនិងអ្នកជំនាញសេដ្ឋកិច្ចកត់សម្គាល់ឃើញថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃបានរងផលប៉ះពាល់យ៉ាងដំណំចាប់តាំងពីមានការបិទច្រកព្រំដែនគោក ហើយផលប៉ះពាល់នេះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ក្រោយមានការប៉ះទង្គិចប្រដាប់អាវុធទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា និងថៃនៅក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។ មកទល់ពេលនេះមិនទាន់មានពន្លឺណាមួយបង្ហាញថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរអាចនឹងមានភាពល្អប្រសើរឡើងវិញនៅពេលណានោះទេ បើទោះបីបច្ចុប្បន្នប្រទេសទាំងបានឈានដល់បទឈប់បាញ់ជាមួយគ្នាក៏ដោយ។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាបានគូសបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃចាប់តាំងពីមានការបិទច្រកព្រំដែនគោកទាំងស្រុងរវាងគ្នាមក គឺបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រជាពករដ្ឋទាំងសងខាង ជាពិសេសភាគីថៃតែម្តង ដែលកន្លងមកធ្លាប់នាំចូលទំនិញយ៉ាងច្រើនលើសលប់ចូលមកកម្ពុជា។ អ្នកជំនាញរូបនេះបានបន្ថែមថា ផលប៉ះពាល់មកលើការដោះដូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកាន់តែមានស្ថានភាពធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីមានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំរវាងកងកម្លាំងកម្ពុជា និងកងកម្លាំងថៃនៅក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។

ស្រដៀងគ្នានេះដែរ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះសង្រ្គាមឈ្លានពានកាន់តែខ្លាំងពីសំណាក់ទាហានថៃមកលើដែនអធិបតីភាពរបស់កម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលកំពុងធ្លាក់ចុះស្រាប់ហើយនោះ មានការធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀត។ បើតាមអ្នកជំនាញរូបនេះ ក្រោយមានការបិទព្រំដែនកម្ពុជា-ថៃមកការដោះដូរទំនិញរវាងប្រទេសទាំងពីរ ត្រូវបានបង្វែរទៅដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស តែការបង្វែរទិសដៅដឹកជញ្ជូននេះបានបង្កផលលំបាកជាច្រើន ដោយសារត្រូវបង្កើនរយៈពេលដឹកជញ្ជូន និងចំណាយថវិកាច្រើនជាងមុន ដែលជំរុញឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះរហូតមកទល់ពេលនេះ។

ដោយឡែកឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃបច្ចុប្បន្នហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេបើទោះបីមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពទាំងពីរនៅប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ ដ្បិតថា ការប្រយុទ្ធគ្នានេះស្ថិតក្នុងរយៈពេលខ្លីនៅឡើយ ដូច្នេះការដោះដូរទំនិញមួយចំនួនកំពុងដឹកជញ្ជូននៅតាមផ្លូវទៅកាន់គោលដៅរៀងខ្លួនៗ តាមកាលវិភាគដែលបានកំណត់រួចទៅហើយ លើកលែងតែការដឹកជញ្ជូនតាមរយៈផ្លូវគោកដែលបានបិទមិនឱ្យមានការដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

គួរជម្រាបថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំប្រមាណ៤៤៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង១ពាន់៧រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕​




អត្ថបទបន្ទាប់


តើតម្លៃសំបុត្រយន្តហោះ និងការហោះហើររវាងកម្ពុជា និងថៃ មានការប្រែប្រួលយ៉ាងណា ក្រោយមានការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ?

មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា មកទល់ពេលនេះ ការហោះហើរចេញចូលរវាងប្រទេសកម្ពុជា និងថៃ មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះ…

តើគ្រួសារយុទ្ធជនពលី និងរងរបួសក្នុងបុព្វហេតុជាតិគួរទទួលបានការលុបបំណុលពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬយ៉ាងណា?

ការប្រយុទ្ធទប់ទល់ដ៏អង់អាចរបស់កងទ័ពកម្ពុជាពីភាពឈ្លានពានរបស់កងទ័ពថៃនៅខ្សែបន្ទាត់ព្រំដែនបានធ្វើឱ្យយុទ្ធជនពលី និងរងរបួសទាំងសងខាង។ អ្នកជំនាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ