
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ទោះបីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ក៏ពិតមែន តែការស្តារទំនាក់ទំនង និងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងចំណាយពេលវេលាយូរ ខណៈបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ នៅតែមានភាពច្របូកច្របល់។ បន្ថែមលើនេះ ការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា បានធ្វើឱ្យកម្ពុជា មានការពង្រឹងសមត្ថភាពផលិត និងកាត់បន្ថយការពឹងផ្អែកលើទំនិញរបស់ថៃ។ អ្នកជំនាញរូបនេះជឿជាក់ថា ការបន្តនីតិវិធីប្តឹងរបស់កម្ពុជា ទៅតុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងតំបន់ទាំង៤ ដែលមានការប្រទាញប្រទង់គ្នានឹងត្រូវការពេលវេលាយូរបន្ថែមទៀតដើម្បីរៀបចំឯកសារ។ ការណ៍នេះធ្វើឱ្យអ្នកជំនាញរូបនេះវាយតម្លៃថា ទំនាក់ទំនង និងការស្ដារពាណិជ្ជកម្មរវាងកម្ពុជា និងថៃនឹងមិនអាចដូចដើមនោះទេ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ជឿជាក់ថា ក្រោយកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌបទឈប់បាញ់ទាំង១៣ចំណុច នោះភាគីទាំងពីរអាចនឹងឈានទៅរកការពិចារណាក្នុងការបើកច្រកទ្វារព្រំដែនឡើងវិញនាពេលខាងមុខ។ ប៉ុន្តែការឈានទៅរកការពិចារណាបើកច្រកព្រំដែនគោកឡើងវិញនេះទំនងជាអាចចំណាយពេលយូរទៀត ព្រោះកាលណាបើកច្រកទ្វារព្រំដែនលឿនពេក វានឹងបង្កផលប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋខ្មែរ ដែលស្រលាញ់ជាតិ និងចង់លើកកម្ពស់ផលិតផលក្នុងស្រុក។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា ភាពប្រះស្រាំនៃទំនាក់ទំនង និងការធ្វើធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ទំនងជាមិនអាចវិលទៅរកភាពល្អប្រសើរដូចដើមវិញបាននោះទេ ហើយទំនាក់ទំនងនេះអាចនឹងល្អឡើងវិញ លុះណាតែប្រទេសថៃ មានការផ្លាស់ប្ដូរនយោបាយផ្ទៃក្នុង។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នបញ្ហាទំនាក់ទំនងការទូត និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលពិបាកក្នុងការស្តារឡើងវិញ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៤៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញ មានទំហំជាង១ពាន់៧រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា