លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ឱនភាពពាណិជ្ជកម្មកម្ពុជា ជាមួយចិន គឺជាផ្នែកមួយនៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ព្រោះការនាំចូលពីចិន ភាគច្រើនជាវត្ថុធាតុដើមសម្រាប់បម្រើដល់វិស័យឧស្សាហកម្មក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា កំពុងអនុវត្តនូវយុទ្ធសាស្រ្តដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញទៅទីផ្សារចិន តាមរយៈការលើកកម្ពស់ផលិតផលកសិកម្ម និងការបំពេញលក្ខខណ្ឌរបស់ទីផ្សារ ខណៈនៅក្នុងពេលជាមួយគ្នានេះ កម្ពុជា ក៏កំពុងជំរុញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីនាំទៅកាន់ទីផ្សារចិន ផងដែរ។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា នៅមួយទសវត្សរ៍មកនេះ កម្ពុជា មានតម្រូវការប្រើប្រាស់វត្ថុធាតុដើមពីប្រទេសចិន មានការកើនឡើងជាបន្តបន្ទាប់ ដើម្បីបម្រើដល់កម្លាំងផលិតកម្មនានា។ ការណ៍នេះបានធ្វើឱ្យការផ្គត់ផ្គង់មកកម្ពុជា មានទំហំធំ ហើយការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានគម្លាតខុសគ្នាឆ្ងាយ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា ការនាំចេញរបស់កម្ពុជា ទៅប្រទេសចិននឹងបន្តកើនឡើងនាពេលខាងមុខ ខណៈប្រទេសទាំងពីរមានកិច្ចសហការពាណិជ្ជកម្មជាច្រើនជាមួយគ្នាស្របពេលបច្ចុប្បន្នកម្ពុជា កំពុងជំរុញកម្លាំងផលិតកម្មក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ចិន។
សូមបញ្ជាក់ថា នៅរយៈពេល១០ខែក្នុងឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចិន សម្រេចបានទំហំជិត១៦ពាន់លានដុល្លារកើនឡើងជាង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះ កម្ពុជា នាំចេញទៅចិន មានទំហំត្រឹងតែជាង១,៣លានដុល្លារប៉ុណ្ណោះ ខណៈចិន នាំចូលមកម្ពុជាវិញមានទំហំរហូតដល់ជាង១៤ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជា មានឱនភាពពាណិជ្ជកម្មជាមួយចិន រហូតដល់ជាង១៣ពាន់លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា