កិច្ចប្រជុំរយៈពេល៤ថ្ងៃនៅទីក្រុងយ៉ាអុនដេ ប្រទេសកាមេរូននេះកើតឡើងក្នុងគ្រា ដ៏សំខាន់មួយសម្រាប់អង្គការពាណិជ្ជកម្មពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ជំនួសឱ្យប្លុកពាណិជ្ជកម្មចាស់មានឈ្មោះថា កិច្ចព្រមព្រៀងទូទៅស្តីពី ពន្ធលើពាណិជ្ជកម្ម។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២០ ខែមីនា ថា ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO នឹងត្រូវកោះប្រជុំនៅទីក្រុងយ៉ាអុនដេ ប្រទេសកាមេរូន នៅសប្តាហ៍ក្រោយ ប៉ុន្តែការខ្វែងគំនិតគ្នាយ៉ាងខ្លាំងអាចធ្វើឱ្យពិបាកនឹងសម្រេចបានវឌ្ឍនភាពណាស់។ សមាជិកភាគច្រើនចង់បានការកែទម្រង់អង្គការនេះ ប៉ុន្តែពួកគេមិនអាចឈានដល់ការព្រមព្រៀងលើវិធីកែទម្រង់។
ពេលនេះអង្គការពាណិជ្ជកម្មពិភពលោកកំពុងរងសម្ពាធកាន់តែខ្លាំងឡើង ដូចជា ភាពតានតឹងពាណិជ្ជកម្មសកលកំពុងកើនឡើង ដែលមួយផ្នែកដោយសារតែពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ, ប្រព័ន្ធដោះស្រាយជម្លោះរបស់អង្គការនេះ ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ ខណៈសង្គ្រាមអ៊ីរ៉ង់ក៏កំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
ប្រសិនបើការចរចាបរាជ័យ សហភាពអឺរ៉ុប អាចនឹងងាកទៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយប្លុកពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយក្រុមប្រទេសតូចៗអាចនឹងបង្កើតច្បាប់ពាណិជ្ជកម្មផ្ទាល់ខ្លួន ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី។
ទិន្នន័យបានបង្ហាញថា ក្រុមពាណិជ្ជកម្មក្រោមកិច្ចសហការរវាងសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក មានទំហំគ្របដណ្ដប់រហូតដល់ទៅ ៣៥% នៃពាណិជ្ជកម្មពិភពលោករួចទៅហើយ ហើយអាចពង្រីកបន្ថែមទៀត។
កត្តាចម្បងៗដែលនាំឱ្យមិនចុះសម្រុងគ្នាជុំវិញការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក គឺដោយសារសហរដ្ឋអាម៉េរិក គាំទ្រកំណែទម្រង់តែមិនចង់បានផែនការលម្អិត ស្របពេលសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងមហាយក្សចិន ចង់បានផែនទីបង្ហាញផ្លូវច្បាស់លាស់ គួបផ្សំប្រទេសនានា មិនយល់ស្របលើច្បាប់ពាណិជ្ជកម្មឌីជីថល និងពន្ធគយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម