
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យល់ឃើញថា អត្រាពន្ធ ១៩% ដែលអាម៉េរិក ដាក់មកលើទំនិញកម្ពុជា ជាអត្រាមួយ ដែលនឹងធ្វើឱ្យកម្ពុជា មានសក្ដានុពលក្នុងការប្រកួតប្រជែង ខណៈបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់មានអត្រាពន្ធខ្ពស់ជាងកម្ពុជា។ ការណ៍នេះ កម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការបញ្ជាទិញផលិតផលពីទីផ្សារសហរដ្ឋអាម៉េរិក។ បើតាមអ្នកនាំពាក្យរូបនេះ ទំនិញរបស់កម្ពុជា មិនមែនជាប់អត្រាពន្ធ ១៩% ទាំងអស់នោះទេ ខណៈផលិតផលដែលមិនមានការផលិតនៅសហរដ្ឋអាម៉េរិក គឺកម្ពុជា នៅតែអាចមានលទ្ធភាពក្នុងការចរចាបញ្ចុះពន្ធបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា យល់ឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសហរដ្ឋអាម៉េរិក ចាប់ពីពេលនេះតទៅនឹងមានការកើនឡើង ដោយសារអត្រាពន្ធចុងក្រោយរបស់កម្ពុជា គឺទាបជាងអត្រាពន្ធរបស់វៀតណាម ១% និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា អត្រាពន្ធ ១៩% របស់អាម៉េរិកនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ព្រោះប្រទេសផ្សេងៗក៏រងការកំណត់ពន្ធនេះដូចកម្ពុជាដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តរក្សាភាពប្រក្រតី ឬអាចមានការកើនឡើងជាងមុន ព្រោះអត្រាពន្ធ ១៩% នេះ អាចជួយឱ្យកម្ពុជា មានសក្តានុពលក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបានទំហំជាង៥,៦ពាន់លានដុល្លារ កើនឡើងជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅអាម៉េរិក មានទំហំជាង ៥,៥ ពាន់លានដុល្លារ កើនឡើងជាង២៥% ខណៈកម្ពុជា នាំចូលពីអាម៉េរិកមកវិញមានទំហំជាង១៦៤លានដុល្លារ កើនឡើង២៩%។ ជាមួយគ្នានេះនៅពេញមួយឆ្នាំ២០២៤ កន្លងទៅការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក មានទំហំជាង១០ពាន់លានដុល្លារ កើនឡើងប្រមាណ ១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា នាំទៅសហរដ្ឋអាម៉េរិក មានទំហំជាង៩ពាន់៩រយលានដុល្លារ ហើយអាម៉េរិក នាំចូលមកម្ពុជាវិញ មានទំហំជាង២៦០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា