សង្គ្រាមពាណិជ្ជកម្ម

ភ្លើងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចយក្សអាមេរិក-ចិន ក្តៅងំ ស្ទើរពេញមួយឆ្នាំ ២០១៩


សង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចចិន និងអាមេរិក ដែលជាសង្រ្គាមដ៏រ៉ាំរ៉ៃ អូសបន្លាយពេលអស់ជាច្រើនឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែក្នុងឆ្នាំ ២០១៩កន្លងទៅនេះ យើងសង្កេតឃើញថា មហាអំណាចសេដ្ឋកិច្ចទាំងពីរ ហ៊ានដំឡើងឬទ្ធិដាក់គ្នា និងតតាំងគ្នាទៅវិញទៅមក ដែលធ្វើឲ្យភ្លើងសង្រ្គាម កាន់តែផុសផុលឡើង ដោយភាគីម្ខាងទៀត សុទ្ធតែទាមទារឲ្យមាន ការចរចា ម្តងហើយម្តងទៀត តែក៏លុបចោលទៅវិញ ជំនួសដោយការគំរាមកំហែង ដំឡើងពន្ធលើទំនិញដាក់គ្នា ដោយគ្មានខ្លាចរណា នោះឡើយ។
សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក (https://www8.gsb.columbia.edu/)
ដោយ

យ៉ាងណាក៏ដោយ នៅពាក់​កណ្តាល ខែធ្នូ សង្រ្គាម​ពាណិជ្ជកម្មរវាង ប្រទេសចិន និងសហរដ្ឋអាមេរិក ហាក់ថមថយកម្តៅ ដោយមានការសម្រប​សម្រួលគ្នា និងបានឈាន​ដល់ការ​សម្រេចផ្អាក ការគំរាម​ដំឡើង​ពន្ធដាក់គ្នាទៀត ដើម្បីបន្ត​ការចរចា​រកដំណោះស្រាយ​ចំពោះ​ការខ្វែង​គំនិតគ្នា ហើយជា​លទ្ធផល លោក ដូណាល់ ត្រាំ លុបចោល​ការគំរាម​កំហែង​របស់លោក ខណៈដែល​ភាគីចិន សន្យាថា នឹងនាំចូល​ទំនិញមកពី​សហរដ្ឋអាមេរិក តម្លៃ​ប្រមាណ ៥០ពាន់លាន​ដុល្លារ បន្ថែមទៀត ដើម្បី​ឲ្យជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគី កាន់តែ​មានតុល្យភាព។

បណ្តាប្រជាជន​ទូទាំង​សកលលោក ទាំងអ្នក​សេដ្ឋកិច្ច ទាំងអ្នក​នយោបាយ សុទ្ធតែ​ទន្ទឹង​រង់ចាំមើល លទ្ធផល​នៃកិច្ចចរចា​ពាណិជ្ជកម្មរវាង មហាអំណាច​សេដ្ឋកិច្ចទាំង ២ គឺអាមេរិក និង​ចិន នៅពាក់កណ្តាល​ខែធ្នូ ឆ្នាំ ២០១៩ ដោយបាន​ដឹងលទ្ធផល​ជាបឋម គឺថា គ្មានការដំឡើង​ពន្ធលើ ទំនិញ​រាប់ពាន់​លានដុល្លារ​អាមេរិក នៅថ្ងៃទី ១៥ ខែធ្នូ ដូចការ​គំរាមគ្នានោះឡើយ មានតែ​ការសម្រប​សម្រួល​គ្នាមកវិញ តាមរយៈ​ការបន្ធូរ​បន្ថយពន្ធ និងកិច្ចសន្យា​ទិញ​ទំនិញបន្ថែម។

យ៉ាងណាមិញ រឿងនេះ នៅមិនទាន់​អាចបញ្ជាក់​បានទេពី កាលបរិច្ឆេទ​នៃការចុះ​ហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ដោយគ្រាន់​តែពន្យល់ថា អាមេរិក យល់ព្រម​បន្ធូរបន្ថយ​ពន្ធដែល​ដំឡើង​ស្រាប់លើ​ទំនិញចិន និងពន្យារ​ពេលដំឡើង​ពន្ធថ្មីលើ​ទំនិញ​របស់ចិន ជាការដោះដូរ​នឹង ការយល់ព្រម​របស់ភាគីចិន ដែលសម្រេចទិញ​ទំនិញ​កសិកម្ម ឧស្សាហកម្ម និងថាមពល​មកពី អាមេរិក ដែលមាន​តម្លៃជាង ៥០ពាន់លាន​ដុល្លារអាមេរិក នៅក្នុង​រយៈពេល ២ឆ្នាំខាងមុខ។

ក្រសួងហិរញ្ញវត្ថុចិន​បានបញ្ជាក់ថា ចិន​បានយល់ព្រម​មួយផ្នែក​តូចតែប៉ុណ្ណោះ ​ជាមួយនឹង​អាមេរិក ដែលមាន​ការដក​ការគំរាមដំឡើង​ពន្ធ និងការជជែកគ្នាពី ច្បាប់លើ​កម្មសិទ្ធិ​បញ្ញា​ប៉ុណ្ណោះ​ លទ្ធផលប្រែប្រួល​យ៉ាងណា រង់ចាំដល់ថ្ងៃ​ដែលមហា​អំណាច​ទាំងពីរ ចុះហត្ថលេខា​សម្រេច។

ទោះបីជាមាន​ការចរចា​យ៉ាងនេះក្តី សេដ្ឋកិច្ច​វិទូមួយចំនួន នៅតែមិនទាន់​មានភាព​ទុកចិត្ត​នៅឡើយនោះទេ ព្រោះមិនទាន់​ឃើញមាន សេចក្តី​ប្រកាស​ជាផ្លូវការ​ណាមួយ អំពីបញ្ហានេះទេ ហើយគេ​មិនទុកចិត្ត ដោយសារតែ​លោក ដូណាល់ ត្រាំ ធ្លាប់បានច្រា​នចោលសំណើលើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង ជាមួយចិន ជាច្រើន​លើកមកហើយ ម្យ៉ាងអ្នកជំនាញ​បានលើកឡើងថា ការសម្រេច​ចិត្តនៅពេលនេះ​របស់លោក ត្រាំ អាចនឹង​ជះឥទ្ធិពលដល់ លទ្ធផលនៃ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅក្នុងខែ​វិច្ឆិកា ឆ្នាំ ២០២០ខាងមុខ។

ក្តីសង្ឃឹមដែលថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ អាចឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដើម្បី​បន្ធូរបន្ថយ​កម្តៅសង្គ្រាម​ពាណិជ្ជកម្មនោះ តែងតែ​ស្ថិតក្នុង​ភាពស្រពិច​ស្រពិលជានិច្ច ព្រោះថា សេដ្ឋកិច្ចយក្ស-យក្សរបស់​ប្រទេសទាំងពីរ សុទ្ធតែចង់​ឲ្យដៃគូ​ចរចា​របស់ខ្លួន បត់បែនទៅតាម​ការកំណត់​របស់ខ្លួន ហើយវាមិនមែន​ជារឿងងាយស្រួល​នោះទេ ដោយហេតុថា ជម្លោះនេះ ចាប់ផ្តើម​ពីរឿងតូច រហូតដល់ការដំឡើង​ពន្ធលើទំនិញ រាប់ពាន់​លានដុល្លារ​ដាក់គ្នា៕

_



អត្ថបទបន្ទាប់


ទីផ្សារមូលបត្រកម្ពុជា រក្សាបាននូវសញ្ញាវិជ្ជមានក្នុងឆ្នាំ២០១៩ តែអាចពុះកញ្ជ្រេលខ្លាំងក្នុងឆ្នាំ ២០២០

វិស័យមូលបត្រនៅកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រពី សំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ដោយក្នុងនោះ មាន…

ចូលដល់ឆ្នាំ២០២០ភ្លាម! វៀតណាមដាក់មហិច្ឆតានាំចេញ៣០០ ពាន់លានដុល្លារ!

ប្រមុខរដ្ឋាភិបាលវៀតណាម នាពេលថ្មីៗនេះ បានអះអាងពីមហិច្ឆតារបស់ខ្លួន ដោយកំណត់នៅឆ្នាំ២០២០នេះ នឹងរកចំណូលពីការនាំចេញទំនិញលក់ទៅក្រៅប្រទេសឲ្យប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ