ក្រុមហ៊ុនដឹកអ្នកដំណើរ

ក្រុមហ៊ុនដឹកអ្នកដំណើរ និងទំនិញក្នុងស្រុកចាប់ផ្តើមដំឡើងថ្លៃ ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់


តម្លៃប្រេងឥន្ធនៈ ដែលកំពុងបន្តហក់ឡើងខ្ពស់គួរឱ្យបារម្ភ បានរុញច្រានឱ្យក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួននៅកម្ពុជា ចាប់ផ្ដើមដំឡើងថ្លៃសំបុត្រចន្លោះពី១ទៅ២ដុល្លារជាបណ្ដើរៗហើយ​។ ក្រៅពីបញ្ហាប្រេងឡើងថ្លៃ ក្រុមអ្នកប្រតិបត្តិករដឹកជញ្ជូន ក៏បានរអូរទាំពីការធ្លាក់ចុះចំនួនអ្នកដំណើរនៅមួយរយៈចុងក្រោយ ដែលបញ្ហានេះក៏ជាមូលហេតុមួយបង្ខំឱ្យពួកគេត្រូវបង្កើនតម្លៃសំបុត្រ ដើម្បីទប់ទល់នឹងថ្លៃដើមផងដែរ។
ក្រុមហ៊ុនដឹកអ្នកដំណើរ
ដោយ

តំណាងក្រុមហ៊ុន គិម សេង អ៊ិចប្រេស្ស ដឹកអ្នកដំណើរបានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ ពុំសូវមានពលរដ្ឋធ្វើដំណើរច្រើននោះទេ អាចដោយសារតែពួកគេកាត់បន្ថយការចំណាយ ដើម្បីសន្សំសំចៃថវិកា ស្របពេលតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់កំពុងធ្វើឱ្យប៉ះពាល់ដល់ការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បញ្ហានេះអាចជំរុញឱ្យក្រុមហ៊ុនដឹកអ្នកដំណើរមួយនេះពិចារណាដំឡើងថ្លៃសំបុត្រធ្វើដំណើរចំនួន១ដុល្លារបន្ថែមនាពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការឡើងថ្លៃប្រេងឥន្ធនៈ។ តែយ៉ាងណា លោកបានសន្យាថា ក្រុមហ៊ុនខ្លួននឹងទម្លាក់តម្លៃមកវិញនៅពេលណាទីផ្សារប្រេងវិលមករកប្រក្រតីភាពដូចមុន។

ជាមួយគ្នានេះ លោក ឆឹម ចំណាន ប្រធានសមាគមដឹកអ្នកដំណើរ និងភស្តុការកម្ពុជា បានគូសបញ្ជាក់ថា ការឡើងថ្លៃប្រេងឥន្ធនៈបានបង្កផលប៉ះពាល់ដល់ប្រតិបត្តិករក្នុងវិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ពលរដ្ឋ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនខ្លះបានកាត់បន្ថយចំនួនជើងដឹកជញ្ចូនដោយសារពុំសូវមានអតិថិជនច្រើនដូចមុន។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ មានក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនបានដំឡើងថ្លៃធ្វើដំណើរចាប់ពី១ដុល្លារដល់២ដុល្លារ ដើម្បីទប់នឹងស្ថានភាពតម្លៃប្រេង ដែលកំពុងកើនឡើងគួរឱ្យបារម្ភ។

ដោយឡែកនៅក្នុងវិស័យដឹកជញ្ជូនទំនិញវិញ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានបង្ហើបថា មានក្រុមហ៊ុនមួយចំនួនបានស្នើសុំអតិថិជនដំឡើងថ្លៃដឹកជញ្ជូនពី២៥% ទៅ៣០% ដើម្បីទប់ទល់នឹងបន្ទុកចំណាយ។ ទោះជាយ៉ាងណា ការដឹកជញ្ជូនទៅក្រៅប្រទេសនៅមិនទាន់មានសញ្ញាប្រែប្រួលខ្លាំងនៅឡើយទេ ប៉ុន្តែអ្វីៗអាចនឹងផ្លាស់ប្តូរ ប្រសិនបើស្ថានភាពសកលនៅតែបន្តអូសបន្លាយ។

សូមបញ្ជាក់ថា វិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យទីផ្សារប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់គួរឱ្យព្រួយបារម្ភ ដោយសារការបិទខ្ទប់នាវាដឹកជញ្ជូននៅច្រកសមុទ្រហ័រម៉ូស ដែលបញ្ហានេះកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៧-១៩ ខែមីនា តម្លៃប្រេងសាំងធម្មតាបានហក់ឡើងដល់៥,៥០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតហក់ដល់៦,៥៥០រៀលក្នុងមួយលីត្រ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា​ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់?

ក្រោយតម្លៃប្រេងឥន្ធនៈនៅលើពិភពលោកបានហក់ឡើងថ្លៃខ្ពស់កប់ពពក ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ការងាកមកប្រើប្រាស់រថយន្តអគ្គិសនី គឺជាវិធីសាស្រ្តម…

ក្រៅពី អេ អឹម ខេ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតកំពុងត្រៀមខ្លួនក្លាយជាធនាគារពាណិជ្ជ

ស្របពេលដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជា កំពុងរីកលូតលាស់ និងមានការប្រកួតប្រជែងខ្លាំងនៅមួយរយៈចុងក្រោយនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ