ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស យល់ឃើញថា នៅក្នុងឆ្នាំ២០២៦ នេះ គឺជាពេលវេលាដែលកម្ពុជា ត្រូវមានផែនការច្បាស់លាស់ ខណៈមកដល់ពេលនេះ កម្ពុជាកំពុងមានបញ្ហាប្រឈមជាមួយប្រទេសថៃ ហើយស្ថានការណ៍តំបន់ និងពិភពលោកនៅតែមិនមានភាពច្បាស់លាស់។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងឆ្នាំនេះ កម្ពុជា ត្រូវមានការសម្របខ្លួនទៅនឹងការប្រឈមនានា ដើម្បីគ្របគ្រងនូវហានិភ័យដែលអាចកើតមានជាយថាហេតុ។ តែយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តមានកំណើនតាមរយៈសកម្មភាពវិនិយោគបរទេស និងតម្រូវការរបស់ពិភពលោក។ ការណ៍នេះ ចង់ ឬមិនចង់នឹងធ្វើឱ្យសកម្មភាពដឹកជញ្ជូន ក៏នឹងមានការកើនឡើងផងដែរ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៥ កន្លងទៅ មានភាពមមាញឹកខ្លាំងដោយសារការបញ្ជាទិញវត្ថុធាតុដើម និងទំនិញផ្សេងៗពីប្រទេសចិន មកបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម ដែលមានការកើនឡើង។ បន្ថែមពីនេះ ការបិទច្រកព្រំដែនគោកកម្ពុជា និងថៃ ក៏ជាកត្តារួមចំណែកធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹកនៅខេត្តព្រះសីហនុ មានការកើនឡើងផងដែរ។ តាមការវាយតម្លៃរបស់លោកបណ្ឌិត ជ័យ តិច សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងឆ្នាំនេះអាចមានបញ្ហាប្រឈមមួយចំនួន ប៉ុន្តែពុំអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ តែផ្ទុយទៅវិញលោកបណ្ឌិត យល់ឃើញថា វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានឹងនៅតែមានសក្ដានុពលខ្ពស់ ហើយនឹងបន្តការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានភាពមមាញឹកជាខ្លាំង ដែលមានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនជាង១លាន៣០ម៉ឺនកុងតឺន័រ មានកំណើនជាង៣០% បើធៀបទៅនឹងឆ្នាំ២០២៤ ដែលមានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនជាង១លាន៣ម៉ឺនកុងតឺន័រ។ ទំនិញភាគច្រើនត្រូវបាននាំចូលពីប្រទេសចិន ខណៈសហរដ្ឋអាម៉េរិក គឺជាទីផ្សារកំពូលនៃការនាំចេញទំនិញរបស់កម្ពុជា។ នេះបើយោងតាមទិន្នន័យពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
អត្ថបទ៖ បូ ដូឡា