ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រ ថា លោកបានចុះហត្ថលេខាលើបទបញ្ជានៃការលើកលែងពន្ធលើផលិតផលម្ហូបអាហារសរុបជាង២០០មុខ រួមទាំងអាហារសំខាន់ៗមួយចំនួនដូចជាកាហ្វេ សាច់គោ ចេក និងទឹកក្រូចជាដើម ដែលបានចូលជាធរមានចាប់ពីយប់អធ្រាត្រថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ សប្ដាហ៍មុន។ ការផ្លាស់ប្ដូរនេះបានធ្វើឡើងចំពេលរដ្ឋបាលរបស់លោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងអំពីការកើនឡើងតម្លៃទំនិញ និងបានបង្ហាញអំពីភាពផ្ទុយស្រឡះសម្រាប់លោក ត្រាំ ដែលបានទទូចជាយូរមកហើយថា ពន្ធនាំចូលដ៏ទូលំទូលាយ ដែលលោកបានដាក់កាលពីដើមឆ្នាំនេះ មិនបានជំរុញអតិផរណានោះទេ។
ផលិតផលរាប់សិបមុខ ដែលដាក់បញ្ចូលនៅក្នុងបញ្ជីលើកលែងពន្ធរបស់សេតវិមាន គឺមានចាប់ពីផ្លែបឺរ និងប៉េងប៉ោះរហូតដល់ផ្លែដូង និងផ្លែស្វាយ ខណៈរដ្ឋបាលលោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ថា ទំនិញទាំងនេះមិនអាចផលិតបានគ្រប់គ្រាន់នៅក្នុងស្រុកទេ។
លោក ត្រាំ ក៏បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ដែរថា លោកនឹងបន្តផែនការផ្ដល់ប្រាក់ចំនួន២ពាន់ដុល្លារដល់ជនជាតិអាម៉េរិក ដែលមានប្រាក់ចំណូលទាប និងមធ្យមតាមរយៈមូលនិធិបានពីចំណូលពន្ធចាប់ពីឆ្នាំក្រោយ។
រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្របខណ្ឌមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយតាមរយៈកិច្ចព្រមព្រៀងនេះនឹងលុបបំបាត់ពន្ធលើអាហារមួយចំនួន និងការនាំចូលទំនិញមួយចំនួនទៀតពីប្រទេសអាហ្សង់ទីន, អេក្វាឌ័រ, ក្វាតេម៉ាឡា, និងអែលសាល់វ៉ាឌ័រ ខណៈមន្ត្រីអាម៉េរិក កំពុងសម្លឹងមើលកិច្ចព្រមព្រៀងថែមទៀតនៅមុនដំណាច់ឆ្នាំនេះ៕
ដោយ៖ សុខ មង្គល