លោកស្រី សាណាអិ តាកាអ៊ិឈិ

លោក ត្រាំ ណែនាំឱ្យនាយករដ្ឋមន្ត្រីជប៉ុនថ្នមសម្ដីពេលនិយាយទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់


ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះការទូតរវាងចិន និងជប៉ុន ដែលកំពុងឡើងកម្តៅ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលកំពុងដុតដៃដុតជើងរកសន្តិភាពនៅអ៊ុយក្រែន បានចូលខ្លួនមកជួយសម្របសម្រួលក្នុងជម្លោះរវាងមហាអំណាចនៅអាស៊ីទាំងពីរនេះ។ លោក ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ ដែលនិយាយធ្វើឱ្យផ្ទុះជម្លោះការទូតជាមួយចិន ថ្នមសម្តីពេលនិយាយពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ដើម្បីបញ្ចៀសទំនាស់ជាមួយចិន។
លោកស្រី សាណាអិ តាកាអ៊ិឈិ
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ នៅក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទនៅសប្តាហ៍នេះ ឱ្យថ្នមសម្តីបន្តិចពេលនិយាយទាក់ទងនឹងបញ្ហាអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ដើម្បីបញ្ចៀសទំនាស់ជាមួយចិន​។ កិច្ចសន្ទនារវាងលោក ត្រាំ និង លោកស្រី តាកាអ៊ិឈិ កើតមានឡើងចំពេលទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន និយាយប៉ះចំណុចរសើបជុំវិញបញ្ហាកោះតៃវ៉ាន់។

ចំពោះលទ្ធផលនៃជំនួបរវាងមេដឹកនាំអាម៉េរិក និងជប៉ុន ប្រភពរដ្ឋាភិបាលជប៉ុនមួយបានបង្ហើបកាលពីថ្ងៃព្រហស្បតិ៍ ថា លោកស្រី តាកាអ៊ិឈិ និងលោក ត្រាំ បានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការដើម្បីរក្សាភាពស្ងប់ស្ងាត់នៃជម្លោះជប៉ុន-ចិន ហើយលោក ត្រាំ ក៏បានសរសើរនាយករដ្ឋមន្រ្តីជប៉ុន ចំពោះជំហដ៏រឹងមាំលើការការពារជាតិ តែលោក ត្រាំ ក៏មិនចង់ឱ្យបញ្ហាកោះតៃវ៉ាន់ ធ្វើឱ្យប៉ះពាល់ដល់ការផ្សះផ្សាររវាងអាម៉េរិក និងចិន នោះដែរ។

ជម្លោះការទូតរវាងចិន និងជប៉ុន ដែលជាមហាអំណាចទាំងពីរនៅអាស៊ី បានឡើងកម្តៅខ្លាំងចាប់តាំងពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីលោកស្រី តាកាអ៊ិឈិ បានលើកឡើងថា ជប៉ុនអាចនឹងជួយអន្តរាគមន៍ប្រសិនបើចិន វាយប្រហារលើកោះតៃវ៉ាន់។ ភ្លាមៗនោះចិន បានចាត់វិធានការប្រឆាំងជាមួយជប៉ុន ដោយបិទការនាំចូលគ្រឿងសមុទ្រ និងហាមប្រជាពលរដ្ឋចិន មិនឱ្យធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុន ក៏ដូចជាដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ តែត្រូវបានច្រាលចោលពីភាគីជប៉ុន។

ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងថា ចំពោះការធ្វើអត្ថាធិប្បាយ ដែលជាចំណុចចាប់ផ្តើមនៃការកើនកម្តៅជម្លោះការទូតរវាងជប៉ុន និងចិននោះ គ្រាន់តែជាការឆ្លើយតបដោយស្មោះចំពោះសំណួរជាក់លាក់មួយអំពីការឆ្លើយតបដែលអាចកើតមានរបស់ជប៉ុន ចំពោះភាពអាសន្នដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ តែប៉ុណ្ណោះ។ លោកស្រីបានបញ្ជាក់ថា ជប៉ុនបើកចំហសម្រាប់ការចរចាជាមួយប្រទេសចិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅតែមិនទាន់មានពន្លឺ ទោះលោក ត្រាំ ដាក់ចេញផែនការសន្តិភាព

ក្រោយមានការខិតខំជួយសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្រោមយុទ្ធសាស្ត្រគំរាមផង ដាក់សម្ពាធ និងថ្នាក់ថ្នមផងនោះ ក្តីសង្ឃ…

សហព័ន្ធស្រូវអង្ករ៖ រោងម៉ាស៊ីនកិនស្រូវមិនអាចទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារអន្តរជាតិ នោះទេ ដ្បិតអាចធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យបំណុល

កាលពីកន្លងទៅថ្មីៗរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកា៤០លានដុល្លារជួយអន្តរាគមន៍ទីផ្សារស្រូវដល់កសិករ ដែលជួបបញ្ហាស្រូវធ្លាក់ថ្លៃ និងខ្វះឈ្មួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ