
លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា ចិន អាចបន្តទិញប្រេងអ៊ីរ៉ង់បាន ហើយសង្ឃឹមថា ចិនក៏នឹងជួយទិញប្រេងរបស់អាម៉េរិក បន្ថែមទៀតផងដែរ។ ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានបញ្ជាឱ្យយន្តហោះចម្បាំងបំបាំងកាយ B-2 Spirit បើកការវាយប្រហារលើទីតាំងរោងចក្រនុយក្លេអ៊ែ សំខាន់ៗរបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ។
បើតាមមន្ត្រីសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា អ៊ីរ៉ង់មិនទាន់បានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់នៅឡើយទេ ហើយប្រសិនបើច្រកសមុទ្រនេះពិតជាបិទមែន វានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់មហាយក្សចិន ដែលជាអ្នកទិញប្រេងប្រេងរបស់អ៊ីរ៉ង់ច្រើនជាងគេបំផុត។
មន្ត្រីសេតវិមានដដែលបានបន្ថែមទៀតថា លោក ដូណាល់ ត្រាំ នៅតែជំរុញឱ្យប្រទេសទាំងអស់រួមទាំងប្រទេសចិន ផងដែរ ឱ្យជួយទិញប្រេងពីសហរដ្ឋអាម៉េរិក ជំនួសឱ្យការបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកតាមរយៈការនាំចូលពីប្រទេសអ៊ីរ៉ង់។
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានដាំក្បាលចុះរហូតដល់ទៅជិត៦% បន្ទាប់ពីការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេមើលឃើញថា ជាសញ្ញានៃការន្ធូរបន្ថយទណ្ឌកម្ម ព្រោះមុននេះលោកបានប្រកាសប្ដេជ្ញាថា នឹងរឹតបន្តឹងដើម្បីកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យឈានដល់កម្រិតសូន្យ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន មួយចំនួនរួចមកហើយសម្រាប់ការទិញប្រេងអ៊ីរ៉ង់៕
ដោយ: តែម សុខុម