
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ដោយភាពជឿជាក់ថា ឥណ្ឌា បានត្រៀមខ្លួនរួចហើយក្នុងការកាត់បន្ថយរបាំងផ្សេងៗសម្រាប់ក្រុមហ៊ុនអាម៉េរិក ដែលជាការត្រួសត្រាយផ្លូវមួយក្នុងការឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកាត់បន្ថយពន្ធបដិការ២៦% មុនឱសានវាទនៃការផ្អាកការអនុវត្តពន្ធនេះផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា។
បើតាមការលើកឡើងរបស់លោក ត្រាំ មកទល់ពេលនេះ ប្រទេសឥណ្ឌាមិនទាន់ទទួលយកការវិនិយោគណាមួយពីក្រុមហ៊ុនអាម៉េរិក នៅឡើយទេ ដូច្នេះលោកសង្ឃឹមថា ឥណ្ឌានឹងព្រមបើកផ្លូវឱ្យក្រុមហ៊ុនអាម៉េរិក ចូលទៅកាន់ទឹកដីខ្លួន ហើយអាម៉េរិក នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា សម្រាប់ជាថ្នូរនឹងបើកផ្លូវនេះ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បានប្រាប់ទូរទស្សន៍ Fox News ថា សហរដ្ឋអាម៉េរិក និងឥណ្ឌា ជិតឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងកាត់បន្ថយពន្ធនាំចេញទៅវិញទៅមកហើយ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកបានយកពន្ធ១០% លើទំនិញនាំចូលពីឥណ្ឌា តែពន្ធនេះនឹងឡើងដល់២៧% នៅក្រោយថ្ងៃទី៩ ខែកក្កដា ប្រសិនបើឥណ្ឌា មិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយអាម៉េរិក ទេនោះ។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងជប៉ុនវិញ លោក ត្រាំ បានអះអាងថា អាម៉េរិក បានដោះស្រាយបញ្ហាមួយចំនួនជាមួយជប៉ុន រួចហើយ ប៉ុន្តែលោកមិនទាន់ធានាថា តើសហរដ្ឋអាម៉េរិកនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយជប៉ុន ឬយ៉ាងណានោះទេ។ លោក ត្រាំ បានលើកឡើងថា លោកអាចនឹងយកពន្ធគយ៣០% ឬ៣៥% លើការនាំចូលទំនិញពីជប៉ុន ពោលគឺកើនឡើងពីអត្រាពន្ធ២៤% ដែលលោកបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ហើយបានផ្អាកអនុវត្តជាបណ្ដោះអាសន្នដល់ថ្ងៃទី៩ ខែកក្កដា។ លោក ត្រាំ បាននិយាយថា ការណ៍ដែលមិនធានាបាននូវកិច្ចព្រមព្រៀងនេះ គឺដោយសារជប៉ុន នៅតែបដិសេធការនាំចូលអង្ករពីអាម៉េរិក តាមការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន៕
ដោយ៖ សុខ មង្គល