សេដ្ឋកិច្ចអាមេរិក

លោក ត្រាំ បន្តទូងស្គរពីការរីកចម្រើនសេដ្ឋកិច្ច ប៉ុន្តែទិដ្ឋភាពពិតប្រជាជននៅតែរែកពុនការលំបាក


ប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់បានប្តេជ្ញាយ៉ាងមុតមាំកាលពីពេលឃោសនាបោះឆ្នោតថា នឹងធ្វើឱ្យអាមេរិកខ្លាំងក្លាឡើងវិញ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារនោះ ប៉ុន្តែជិត២០ខែនៃការកាន់អំណាចនៅសេតវិមាន អ្វីៗហាក់នៅឆ្ងាយពីសន្យានៅឡើយ។ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ថ្វីត្បិតតែអត្រាអត់ការងារធ្វើមានកម្រិតទាប ហើយសេដ្ឋកិច្ចមិនទាន់ធ្លាក់ចូលក្នុងវិបត្តិជ្រៅក៏ពិតមែន ប៉ុន្តែកំណើនសេដ្ឋកិច្ចជាតិនៅតែទន់ខ្សោយ។
សេដ្ឋកិច្ចអាមេរិក
ដោយ

ផ្ទុយទៅវិញតម្លៃជីវភាពរស់នៅបន្តហក់ឡើងកប់ពពក អតិផរណាកើនឡើងឥតឈប់ឈរ អត្រាការប្រាក់នៅតែខ្ពស់ ហើយបំណុលជាតិវិញបានស្ទុះកើនឡើងគួរឱ្យព្រួយបារម្ភ។បន្ទាប់ពីបានសន្យាថា នឹងដឹកនាំសហរដ្ឋអាម៉េរិកឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចំណាយពេលជិត២០ខែមកហើយ នៅក្នុងអាណត្តិថ្មីនេះ ប៉ុន្តែលទ្ធផលជាក់ស្តែងនៅតែមិនទាន់ឆ្លើយតបនឹងការរំពឹងទុករបស់ម្ចាស់ឆ្នោតនៅឡើយទេ។

ផ្អែកតាមទិន្នន័យចុងក្រោយបានបង្ហាញថា ទីផ្សារការងារនៅអាម៉េរិកហាក់បង្ហាញសញ្ញារឹងមាំឡើងវិញ ដោយនៅក្នុងខែសីហា ឆ្នាំ២០២៦ អាម៉េរិកបង្កើតការងារបានជាង១៦ម៉ឺនកន្លែង រក្សាអត្រាអ្នកអត់ការងារធ្វើឱ្យនៅត្រឹមប្រមាណ ៤,១%។ ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលលើក្រដាសប៉ុណ្ណោះ ព្រោះបញ្ហាប្រឈមស្នូល គឺអតិផរណា និងបន្ទុកថ្លៃចំណាយប្រចាំថ្ងៃរបស់ប្រជាជននៅតែជាសម្ពាធយ៉ាងធ្ងន់ធ្ងរ។

ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការកើនឡើងនៃឱកាសការងារ មិនមែនមានន័យថា ប្រជាជនមានជីវភាពធូរធារនោះឡើយ ព្រោះថ្លៃទំនិញ និងសេវាកម្មចាំបាច់នៅលើទីផ្សារនៅតែបន្តថ្លៃហួសប្រមាណ។ ជាងនេះទៅទៀត ទោះបីជាលោក ត្រាំ តែងតែលើកឡើងពីសមិទ្ធផល និងកំណើនសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ល្បឿននៃការរុញច្រានសេដ្ឋកិច្ចពិតប្រាកដ មើលទៅមិនលឿនដូចពាក្យអួតអាងរបស់លោកឡើយ។ ជាក់ស្តែងនៅក្នុងអាណត្តិទី២នេះ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់អាម៉េរិក ស្ថិតក្នុងរង្វង់ប្រមាណ២%ប៉ុណ្ណោះ ដែលជាអត្រាយឺតជាងកាលពីក្នុងអាណត្តិរដ្ឋបាលលោក ចូ បៃដិន ទៅទៀត។

កន្លងមកលោក ត្រាំ តែងតែវាយប្រហារយ៉ាងចាស់ដៃលើរដ្ឋបាលលោក ចូ បៃដិន ជុំវិញអសមត្ថភាពក្នុងការបង្កើតកំណើនសេដ្ឋកិច្ច គ្រោះថ្នាក់នៃអត្រាការប្រាក់ខ្ពស់ និងការបង្កើនបំណុលជាតិជាដើម។ ប៉ុន្តែនៅពេលបានកាន់អំណាច លោក ត្រាំ ផ្ទាល់ បែរជាបន្តឱបក្រសោបកេរដំណែលនៃចំណុចខ្សោយទាំងនេះដដែល។ បញ្ហាការកើនឡើងអតិផរណានៅតែបន្តអូសបន្លាយ រួមផ្សំនឹងវិបត្តិ ឬកង្វះខាតប្រេងឥន្ធនៈដែលបង្កឡើងដោយសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ផងនោះ បានរុញច្រានបំណុលសាធារណៈរបស់រដ្ឋាភិបាលអាម៉េរិកឱ្យស្ទុះកើនឡើងដល់ជិត៤០ទ្រីលានដុល្លារ។

លោក អេននី ថេតដេស៊ី (Ernie Tedeschi) អ្នកស្រាវជ្រាវសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយបានព្រមានថា ប្រសិនបើសេដ្ឋកិច្ចអាម៉េរិក មិនអាចរុញច្រានឱ្យសម្រេចបានកំណើនលើសពី ៣% ជារៀងរាល់ឆ្នាំក្នុងរង្វង់មួយទសវត្សរ៍ខាងមុខនេះទេ នោះអាម៉េរិកនឹងត្រូវដួលរលំក្រោមបន្ទុកបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ ដែលខ្លួនកំពុងទ្រាំទ្រជាក់ជាមិនខាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក តូ ឡាំ៖ វៀតណាមមិនអាចបន្តសម្រេចចិត្តយឺត និងអនុវត្តការងារយឺតយ៉ាវបានទៀតឡើយ

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ លោក តូ ឡាំ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការដឹកន…

លោក ស៊ី ជីនពីង គ្រោងដឹកនាំប្រតិភូធុរកិច្ចកំពូលៗដ៏កម្រទៅបំពេញទស្សនកិច្ចនៅអាម៉េរិកនៅចុងខែនេះ

ប្រភពព័ត៌មានសំខាន់ៗចំនួនពីរបានទម្លាយឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងរៀបចំផែនការសម្ងាត់មួយ ដោយគ្រោងដឹកនាំគណៈប្រតិភូធុរកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ