
ជុំវិញរឿងរ៉ាវនេះ បើតាមការវិភាគរបស់លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់រវាងកងទ័ពកម្ពុជា និងថៃ តាមការអំពាវនាវ និងជួយជ្រោមជ្រែងពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនេះ គឺជាលក្ខខណ្ឌថ្មីមួយរបស់លោក ត្រាំ លើការចរចាកម្រិតពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកដាក់មកលើប្រទេសទាំងពីរ។ ទន្ទឹមនេះ ក្រោយមានបទឈប់បាញ់ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងចរចាររបស់កម្ពុជាជាមួយសហរដ្ឋអាម៉េរិកលើការស្នើសុំបញ្ចុះពន្ធបដិការនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា កម្ពុជានឹងទទួលបាននូវអត្រាពន្ធបដិការទាបក្នុងចន្លោះពី ១៥% ទៅ ២០%។ តែយ៉ាងណាអ្នកជំនាញរូបនេះហាក់បីដូចជាបារម្ភចំពោះភាគីថៃដែលអាចប្រើល្បិចចោទប្រកាន់មកលើកម្ពុជាថាបានរំលោភលើបទឈប់បាញ់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការកំណត់អត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិកមកលើកម្ពុជាផងដែរ។ ឥឡូវនេះសូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បន្តិចបាទ !
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការចរចាអត្រាពន្ធបដិការរវាងសហរដ្ឋអាម៉េរិក និងកម្ពុជានេះ ទំនងជាមិនត្រូវបានកំណត់ដោយលទ្ធផល នៃបទឈប់បាញ់រវាងកម្ពុជា និងថៃនោះទេ ពោលគឺគោលការណ៍នៃការចរចាអត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិក ផ្អែកលើប្រភេទទំនិញ និង បរិមាណទំនិញនៃការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ រំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងចរចារបស់រដ្ឋាភិបាលកម្ពុជានឹងទទួលបានការបញ្ចុះពន្ធគយបដិការពីសហរដ្ឋអាម៉េរិកបន្ថែមទៀត នៅមុនថ្ងៃឱសានវាទមកដល់។ឥឡូវនេះសូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តិចបាទ !
គួរជម្រាបផងដែរថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានផ្ដួចផ្ដើមនិងជំរុញឱ្យមានការចរចាបទឈប់បាញ់ឱ្យបានយ៉ាងឆាប់រហ័ស និងឱ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥។ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នារវាងកម្ពុជា និងថៃ និង បានចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ដែលលោកត្រូវតាមដានដោយផ្ទាល់ផងដែរ៕