រដ្ឋបាលលោក ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា គ្រាន់តែ២ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិកបានចំណាយថវិកាអស់ប្រមាណ៥,៦ពាន់លានដុល្លារ ហើយគ្រោងស្នើបន្ថែម៥០ពាន់លានដុល្លារឆាប់ៗនេះ។ ក្រុមសមាជិកសភាអាម៉េរិកទំនងជាត្រូវអនុម័តកញ្ចប់ថវិកា៥០ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ស្របពេលមានការព្រួយបារម្ភថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់អាចនឹងធ្វើឱ្យដាច់ស្តុកអាវុធរបស់សហរដ្ឋអាម៉េរិក ក្នុងគ្រាដែលឧស្សាហកម្មការពារជាតិអាម៉េរិក កំពុងពិបាកក្នុងការផលិតអាវុធឱ្យទាន់តម្រូវការស្រាប់ទៅហើយ។
លោក ដូណាល់ ត្រាំ បានជួបជាមួយក្រុមនាយកប្រតិបត្តិមកពីក្រុមហ៊ុនម៉ៅការផលិតអាវុធធំៗចំនួន៧ ខណៈដែលមន្ទីរបញ្ចកោណកំពុងប្រឹងប្រែង ដើម្បីបំពេញការផ្គត់ផ្គង់សព្វាវុធឡើងវិញ។ រហូតមកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ មិនទាន់បានវាយតម្លៃជាសាធារណៈអំពីទំហំចំណាយនៃសង្គ្រាមរបស់ខ្លួនសហការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បាននៅឡើយទេ។
ក្រុមសមាជិកសភាអាម៉េរិកបានទាមទារព័ត៌មានបន្ថែមអំពីសង្គ្រាមនេះ រួមទាំងសក្ខីកម្មជាសាធារណៈពីសំណាក់មន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ អំពីបញ្ហានានារួមទាំងថា តើសង្គ្រាមនេះអាចប៉ះពាល់ដល់ការត្រៀមលក្ខណៈរបស់យោធាអាម៉េរិកនៅក្នុងការការពារប្រទេសជាតិក្នុងកម្រិតណាផងដែរ។
ក្រុមជំនួយការនៅសភាអាម៉េរិកបានលើកឡើងថា ពួកគេរំពឹងថា សេតវិមាន នឹងដាក់សំណើទៅសភាអាម៉េរិកក្នុងពេលឆាប់ៗនេះ ដើម្បីស្នើសុំថវិកាបន្ថែមសម្រាប់សង្គ្រាមនេះ។ មន្ត្រីមួយចំនួនបានវាយតម្លៃថា សំណើនេះអាចមានទំហំ៥០ពាន់លានដុល្លារ តែមន្ត្រីផ្សេងទៀតជឿថា ការចំណាយចុងក្រោយជាក់ស្ដែងអាចខ្ពស់ជាងនេះ៕
ដោយ: តែម សុខុម