
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនបណ្ដេញលោក ជើរ៉ូម ផៅវែល (Jerome Powell) ចេញពីតំណែងប្រធានធនាគារកណ្តាលអាម៉េរិក មុនអាណត្តិនោះទេ ទោះបីកន្លងមកលោកបានរិះគន់ខ្លាំងៗលើប្រធានធនាគារកណ្ដាលអាម៉េរិក រូបនេះ និងបានហៅលោកថា ជាមនុស្សមានះរឹងត្អឹងយ៉ាងណាក្ដី ហើយជាថ្មីម្ដងទៀតលោកបានអំពាវនាវឱ្យធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់តាមអ្វីដែលលោកចង់បាន។
ទន្ទឹមនេះ លោក ដូណាល់ ត្រាំ អះអាងពីវិធានការដែលខ្លួនបានដាក់ចេញកន្លងមកថា គោលនយោបាយពន្ធគយរបស់លោកនឹងធ្វើឱ្យពលរដ្ឋអាម៉េរិក មានទ្រព្យសម្បត្តិកាន់តែច្រើនកាន់តែសម្បូរសប្បាយក្នុងរយៈពេលវែង ហើយបានបន្ទោសការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះទៅលើគោលនយោបាយរបស់អតីតប្រធានាធិបតី ចូ បៃដិន។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន NBC លោក ដូណាល់ ត្រាំ រំពឹងថា នៅទីបំផុតធនាគារកណ្តាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់ក្នុងពេលវេលាណាមួយ ប៉ុន្តែបានអះអាងថា ប្រធានធនាគារកណ្ដាលអាម៉េរិករូបនេះនឹងមិនចាត់វិធានការបញ្ចុះអត្រាការប្រាក់ភ្លាមៗតាមអ្វី ដែលលោកចង់បាននោះទេ ព្រោះលោក ជើរ៉ូម ផៅវែល មិនមែនជាអ្នកគាំទ្ររបស់លោកនោះឡើយ ហើយបានហៅប្រធានធនាគារកណ្តាលអាម៉េរិករូបនេះថា ជាមនុស្សមានះរឹងត្អឹង។
នៅពេលសួរថា តើលោកនឹងដកតំណែងលោក ជើរ៉ូម ផៅវែល មុនអាណត្តិរបស់លោកដែលនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦ ឬយ៉ាងណា? លោក ដូណាល់ ត្រាំ បានឆ្លើយភ្លាមៗថា លោកនឹងមិនធ្វើបែបនេះទេ ព្រោះលោកមិនអាចរកអ្នកមានសមត្ថភាពមកជំនួសតំណែងលោក ជើរ៉ូម ផៅវែល បានឡើយក្នុងរយៈពេលដ៏ខ្លីបែបនេះ៕
ដោយ: តែម សុខុម