លទ្ធផលនៃការស្ទង់មតិថ្មីៗជាបន្តបន្ទាប់បានបង្ហាញពីសញ្ញាអាសន្នសម្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយសារការសម្រេចចិត្តបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ មិនត្រឹមតែបង្កជាជម្លោះយោធាប៉ុណ្ណោះទេ ប៉ុន្តែបានរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យហក់ឡើងខ្ពស់ ដែលធ្វើឱ្យពលរដ្ឋអាម៉េរិក បាត់បង់ទំនុកចិត្តលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់រដ្ឋបាលរបស់លោក។
យោងតាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មាបន Reuters ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កម្រិតគាំទ្រលើការចាត់ចែងសេដ្ឋកិច្ចរបស់លោក ត្រាំ បានធ្លាក់ចុះមកនៅត្រឹម២៩%ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន បើធៀបនឹងខែមករា ដែលមានរហូតដល់៣៦%។ ការធ្លាក់ប្រជាប្រិយភាពរបស់លោក ត្រា នេះកើតឡើងក្រោយយុទ្ធនាការយោធានៅអ៊ីរ៉ង់ ហាក់មិនទាន់ផ្តល់លទ្ធផលវិជ្ជមានណាមួយជាដុំកំភួន។
ដោយឡែកការអង្កេតរួមគ្នារវាងភ្នាក់ងារព័ត៌មាន AP និងសាកលវិទ្យាល័យឈីកាហ្គោ បានរកឃើញការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយពលរដ្ឋអាម៉េរិក ដល់ទៅ៦៧% អះអាងថា ការទប់ស្កាត់តម្លៃប្រេង និងហ្គាសមានសារសំខាន់ជាងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ទៅទៀត។ សូម្បីតែគោលដៅយុទ្ធសាស្ត្រដូចជា ការទប់ស្កាត់ការគំរាមកំហែងលើអ៊ីស្រាអែល ឬការផ្លាស់ប្តូរបបដឹកនាំនៅទីក្រុងតេអេរ៉ង់ ក៏ត្រូវបានពលរដ្ឋមើលរំលង បើធៀបនឹងបញ្ហាក្រពះរបស់ពួកគេ។
ទោះបីជាលោក ត្រាំ ព្យាយាមលួងលោមពលរដ្ឋថា នេះគឺជាការឈឺចាប់រយៈពេលខ្លី ដើម្បីដោះដូរនឹងការធ្វើឱ្យអ៊ីរ៉ង់ចុះខ្សោយ និងសន្យាធ្វើឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះមកវិញក្នុងរយៈពេលវែងក៏ដោយ ប៉ុន្តែលើសពី២ ភាគ៣ នៃពលរដ្ឋ ដែលបានសាកសួរបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគ្មានឆន្ទៈក្នុងការចំណាយប្រាក់បន្ថែមលើតម្លៃហ្គាស ដើម្បីទ្រទ្រង់សង្គ្រាមនេះឡើយ។ ស្ថានភាពនេះកំពុងក្លាយជាវិញ្ញាសាដ៏ក្តៅគគុក ដែលអាចកំណត់វាសនានយោបាយរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតខាងមុខនេះ៕
ដោយៈ សរ សុជាតិ