
លោក ដូណាល់ ត្រាំ បានអះអាងថា ចាប់តាំងពីចូលកាន់តំណែងមក លោកទទួលបានការសន្យាបោះទុនវិនិយោគពីក្រុមហ៊ុននានា និងបរទេសរហូតដល់ទៅ១០ទ្រីលានដុល្លារ នៅលើទឹកដីសហរដ្ឋអាម៉េរិក ខណៈសេតវិមានបានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ ទទួលបានការសន្យាបោះទុនវិនិយោគក្នុងទំហំត្រឹមតែ៥,១ទ្រីលានដុល្លារ រួមទាំងការសន្យាបោះទុនថ្មីៗក្នុងទំហំទឹកប្រាក់៤,៣ទ្រីលានដុល្លារផងដែរ។
ទាក់ទិននឹងការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលហាក់គ្មានមូលដ្ឋានច្បាស់លាស់ ឬ ប្រាកដប្រជានេះ ក្រុមអ្នកជំនាញយល់ថា កុំថាឡើយ១០ទ្រីលានដុល្លារ ត្រឹមតែការសន្យាបោះទុនវិនិយោគក្នុងទំហំ២,១ទ្រីលានដុល្លារ ក៏មិនប្រាកដថា អាចលេចចេញជារូបរាងពេញលេញនោះដែរ។
ចាប់តាំងពីវិលត្រលប់មកកាន់សេតវិមានសាជាថ្មីសម្រាប់អាណត្តិទី២ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអួតក្ដែងៗថា ក្រុមហ៊ុនសាជីវកម្ម និងបរទេសបានប្រកាសសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅប្រមាណ១០ទ្រីលានដុល្លារ ហើយថា វាជាតឹកតាងបង្ហាញថា លោកកំពុងនាំមកនូវយុគសម័យមាសសម្រាប់អាម៉េរិក។
គួររំឭកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានអះអាងថា គ្រាន់តែថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់លោក អាម៉េរិក ទទួលបានការសន្យាបោះទុនវិនិយោគថ្មីៗជិត៣ទ្រីលានដុល្លារទៅហើយ។ បន្ទាប់មកនៅថ្ងៃទី២ ខែមេសា លោកបានអះអាងថា រដ្ឋបាលរបស់លោកទទួលបានការសន្យាបោះទុនវិនិយោគសរុបប្រមាណ៦ទ្រីលានដុល្លារ។ ក្រោយមកលោកបានអះអាងពីការកើនឡើងទំហំវិនិយោគជាបន្តបន្ទាប់ពី៧ទ្រីលានដុល្លារហូតដល់៩ទ្រីលានដុល្លារ។
ហើយនៅថ្ងៃទី៦ ខែឧសភា លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា តួលេខដែលក្រុមហ៊ុនសាជីវកម្ម និងបរទេសបានប្រកាសសន្យាបោះទុនវិនិយោគអាចឈានដល់ទំហំចន្លោះពី៩ទៅ១០ទ្រីលានដុល្លារ។ តែយ៉ាងណាតួលេខដែលលោក ដូណាល់ ត្រាំ បានអះអាង គឺខុសគ្នាឆ្ងាយណាស់បើធៀបនឹងតួលេខដែលសេតវិមាន បានបញ្ចេញជាសាធារណៈ៕
ដោយ: តែម សុខុម