
ស្របពេលឱសានវាទនៃការពន្យារពេលការអនុវត្តពន្ធបដិការ៩០ថ្ងៃរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ជិតផុតកំណត់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងថា លោកគ្មានគម្រោងពន្យារពេលអនុវត្តពន្ធនេះឱ្យលើសពីថ្ងៃទី៩ ខែកក្កដា នោះទេ។ លោក ត្រាំ បានគូសបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងជូនដំណឹងពីការចូលជាធរមាននៃការអនុវត្តពន្ធនេះដល់ប្រទេសនានា ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈការលើកលែង ឬបន្ធូរបន្ថយលើប្រទេសណាមួយនោះ វាអាស្រ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសនីមួយៗជាមួយសហរដ្ឋអាម៉េរិក។
បើតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ បច្ចុប្បន្នសហរដ្ឋអាម៉េរិក កំពុងពិនិត្យមើលការអនុវត្ត និងឥរិយាបថ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដៃគូនីមួយៗ ដូច្នេះសហរដ្ឋអាម៉េរិកនឹងពិចារណាយកពន្ធទៅនោះ ដែលអាចមានក្នុងរង្វង់១០%, ២៥%, ៣០% ឬ៥០%។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានដាក់ពន្ធបដិការលើប្រទេស និងដែនដីជាង១៨០ទូទាំងពិភពលោក ហើយមកដល់ពេលនេះប្រទេសដែលសកម្មក្នុងការចរចាលើបញ្ហាពន្ធនេះជាមួយអាម៉េរិក មានប្រមាណ១៨ប្រទេស ហើយមកទល់ពេលនេះ មានតែចក្រភពអង់គ្លេសតែមួយប៉ុណ្ណោះ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក៕
ដោយៈ សរ សុជាតិ