មហាសេដ្ឋី និងជាអាវកាសយានិក លោក ចារ៉េត អ៊ីសាអាមេន កំពុងស្ថិតក្នុងក្រសែភ្នែកដ៏លេចធ្លោររបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក សម្រាប់តំណែងកំពូលនៅទីភ្នាក់ងារអវកាសណាសារបស់អាម៉េរិក។ តាមការរំពឹងទុក មហាសេដ្ឋីរូបនេះ នឹងប្រាប់សមាជិកព្រឹទ្ធសភាអំពីមហិច្ឆតាក្នុងការពង្រីកការវិនិយោគលើប្រព័ន្ធជំរុញនុយក្លេអ៊ែ និងកិច្ចខិតខំប្រឹងប្រែងពាណិជ្ជកម្មផ្នែកអាវកាស ដើម្បីជួយសហរដ្ឋអាម៉េរិក ត្រឡប់ទៅកាន់ទីតាំង និងគោលជំហរលើផែនការគ្រប់គ្រងកម្មវិធីអាវកាសនៅឋានព្រះចន្ទឡើងវិញ មុនពេលប្រទេសចិន ឈានទៅច្បាមយកសក្តានុពលលើកម្មវិធីអាវកាសរបស់ខ្លួន។
លោក អ៊ីសាអាមេន ធ្លាប់បានលើកឡើងថា លោកចង់ឲ្យសហរដ្ឋអាម៉េរិក ត្រឡប់ទៅកាន់ទីតាំងយុទ្ធសាស្រ្តនៅឋានព្រះចន្ទឡើងវិញ ដើម្បីបង្ហាញពីតម្លៃ និងសក្តានុពលនៃកម្មវិធីវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងសន្តិសុខជាតិ នៅលើផ្ទៃឋានព្រះចន្ទ។ តាមអ្វីដែលបានដឹង ចិន មានមហិច្ឆតាចង់បញ្ជូនមនុស្សទៅឋានព្រះចន្ទក្នុងឆ្នាំ២០៣០ ដោយនៅពេលនេះកម្មវិធីអាវកាសរបស់ចិន កំពុងក្លាយជាដៃគូប្រកួតប្រជែងដ៏មានឥទ្ធិពលរបស់អាម៉េរិក៕
ដោយៈ សរ សុជាតិ