
ថ្លែងនៅមុនពេលឡើងជិះយន្តហោះកាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បានចាត់ទុកគម្រោងបង្កើតគណបក្សនយោបាយទី៣ នៅអាម៉េរិករបស់កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ ថាជារឿងគួរឱ្យអស់សំណើច ហើយថា ការបង្កើតគណបក្សទី៣នេះ គ្រាន់តែបន្ថែមភាពច្របូកច្របល់តែប៉ុណ្ណោះ។ ការចំអករបស់លោក ត្រាំ ធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីមហាសេដ្ឋីអាម៉េរិកលោក អេឡុន ម៉ាស់ បានបង្កើនជម្លោះជាមួយលោក ត្រាំ និងបានប្រកាសពីការបង្កើតគណបក្សនយោបាយថ្មីមួយនៅសហរដ្ឋអាម៉េរិក។
ភ្លាមៗនោះលោក ត្រាំ ក៏បានបង្ហោះសារលើវេទិកាសង្គម Truth Social ដោយបង្ហាញពីសោកស្ដាយយ៉ាងខ្លាំងចំពោះលោក ម៉ាស់ ដែលកំពុងដើរខុសផ្លូវ ប្រៀបដូចជាទូរថភ្លើងដែលរអិលធ្លាក់ចេញពីផ្លូវរថភ្លើងនៅក្នុងរយៈពេល៥សប្តាហ៍កន្លងមកនេះ។
សូមរំលឹកថា លោក ម៉ាស់ គ្រោងបង្កើតគណបក្សអាម៉េរិក (America Party) ដើម្បីប្រឆាំងនឹងច្បាប់កាត់បន្ថយពន្ធ និងច្បាប់ថវិការបស់លោក ត្រាំ ដែលលោកយល់ថា នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក និងបង្កើនឱនភាពថវិកាសហព័ន្ធ។ លោក ម៉ាស់ អះអាងថា គណបក្សថ្មីនេះនឹងចេញជារូបរាងក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ ដើម្បីស្វែងរកការដកអាសនៈរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលបានគាំទ្រច្បាប់ថវិកា និងការកាត់បន្ថយពន្ធនេះ៕
ដោយ៖ សុខ មង្គល