ទណ្ឌកម្ម

លោក ត្រាំ បញ្ជាឱ្យកាត់ផ្ដាច់ពាណិជ្ជកម្ម និងគំរាមដាក់ទណ្ឌកម្មលើអេស្ប៉ាញ ក្រោយខឹងមិនឱ្យកងទ័ពអាម៉េរិកប្រើមូលដ្ឋានយោធាដើម្បីវាយអ៊ីរ៉ង់


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាឱ្យសហរដ្ឋអាម៉េរិកកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្ម និងគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មលើអេស្ប៉ាញ បន្ទាប់ពីប្រទេសនេះបានរារាំងមិនឱ្យកងទ័ពអាម៉េរិក ប្រើមូលដ្ឋានយោធារបស់ខ្លួន ដើម្បីវាយប្រហារអ៊ីរ៉ង់។ ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ ពិតជាធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដែលធ្វើឱ្យរង្គោះរង្គើអង្គការ NATO ព្រោះអេស្ប៉ាញ ក៏ជាសមាជិកមួយរបស់ NATO ដែរ។
ទណ្ឌកម្ម
ដោយ

ប្រទេសអេស្ប៉ាញ បានរារាំងមិនឱ្យយោធាអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Rota និង Morón សម្រាប់ប្រតិបត្តិការ ដែលទាក់ទងនឹងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ ដោយសារតែគ្មានជម្រើស សហរដ្ឋអាម៉េរិក បានបង្ខំចិត្តផ្លាស់ទីយន្តហោះយោធាចំនួន១៥គ្រឿង រួមទាំងយន្តហោះចាក់ប្រេងផង ចាកចេញពីមូលដ្ឋានទ័ពទាំងនោះទាំងមួហ្ម៎ងក្នុងចិត្ត។

ដោយមិននៅស្ងៀមលោក ដូណាល់ ត្រាំ បានរិះគន់ប្រទេសអេស្ប៉ាញភ្លាមៗយ៉ាងធ្ងន់ៗ ដោយនិយាយថា លោកអាចកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ ហើយថែមទាំងដាក់ទណ្ឌកម្មអេស្ប៉ាញទៀតផង។ លោក ក៏បានរិះគន់អេស្ប៉ាញដែរថា ប្រទេសនេះមិនចំណាយកញ្ចប់ថវិកាគ្រប់គ្រាន់នោះឡើយសម្រាប់វិស័យការការពារជាតិក្រោមគោលការណ៍ណែនាំរបស់អង្គការបក្សសម្ព័ន្ធយោធា NATO។

អធិការបតីអាល្លឺម៉ង់លោក ហ្វ្រេទ្រិក មើស (Friedrich Merz) បានឆ្លើយតបថា ប្រទេសអេស្ប៉ាញ គឺជាផ្នែកមួយនៃសហភាពអឺរ៉ុប ហើយមិនអាចចាត់ទុកដោយឡែកបានទេនៅក្នុងបញ្ហាពាណិជ្ជកម្ម។ តើលោក ដូណាល់ ត្រាំ ពិតជាអាចកាត់ផ្ដាច់ពាណិជ្ជកម្ម និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអេស្ប៉ាញបានដែរទេ?

ឆ្លើយតបនឹងសំណួរនេះ ក្រុមអ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា លោក ត្រាំ អាចនឹងព្យាយាមដាក់ទណ្ឌកម្មពាណិជ្ជកម្មលើអេស្ប៉ាញ ប៉ុន្តែលោកនឹងត្រូវប្រកាសថា ប្រទេសអេស្ប៉ាញ គឺជាការគំរាមកំហែងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ អ្នកជំនាញខ្លះនិយាយថា វានឹងពិបាកក្នុងការបង្ហាញអំពីភាពសមហេតុផលណាស់នៅក្នុងការកាត់ផ្ដាច់ពាណិជ្ជកម្ម និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអេស្ប៉ាញ។

ជាការឆ្លើយតប ប្រទេសអេស្ប៉ាញ បាននិយាយថា ខ្លួនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ហើយបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយទប់ទល់នឹងផលប៉ះពាល់ នៃវិធានការពាណិជ្ជកម្មណាមួយ។

ទិន្នន័យបង្ហាញថា សហរដ្ឋអាម៉េរិកមានអតិរេកពាណិជ្ជកម្មក្នុងទំហំ៤,៨ពាន់លានដុល្លារជាមួយប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២៥។ សហរដ្ឋអាម៉េរិក នាំចេញប្រេង និងឧស្ម័នទៅកាន់ប្រទេសអេស្ប៉ាញ ខណៈដែលអេស្ប៉ាញ នាំចេញផលិតផលដូចជាប្រេងអូលីវ គ្រឿងបន្លាស់រថយន្ត ដែកថែប និងសារធាតុគីមី។ សម្រាប់ពេលនេះលោក ត្រាំ បានគំរាមចាត់វិធានការ ប៉ុន្តែមិនទាន់មានការប្រកាសដាក់ទណ្ឌកម្មពាណិជ្ជកម្មពេញលេញនៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ដំណឹងល្អ! ថ្ងៃ៦មីនា ខាងមុខនេះ ក្រុមហ៊ុន Buva Sea Cambodia នឹងបើកសេវាកម្មទូកល្បឿនលឿន ចេញពីកំពត ទៅកាន់កោះល្បីៗទាំង៣នេះ ឡើងវិញហើយ!

ក្រុមហ៊ុនទូកល្បឿនលឿន ប៊ូ វ៉ា ស៊ី កម្ពុជា (Buva Sea Cambodia) នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ដល់អតិថិជន និងដៃ…

តើលោក ត្រាំ កំពុងនាំអាម៉េរិកធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងបាត់បង់ទំនុកចិត្តពីសម្ពន្ធមិត្តនៅមជ្ឈិមបូព៌ា ឬយ៉ាងណា?

ពិភពលោកជាពិសេសសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នៅតំបន់មជ្ឈិមបូព៌ា កំពុងដាក់ការសង្ស័យលើប្រសិទ្ធភាព និងអំណះអំណាងរបស់លោកប្រធានាធិបតី ដូណាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ