តំបន់អារ៉ាប់

លោក ត្រាំ គ្រោងស្នើសុំឱ្យប្រទេសនៅតំបន់អារ៉ាប់ជួយចេញថ្លៃធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់


សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងស្នើសុំឱ្យបណ្តាប្រទេសអារ៉ាប់ជួយចេញថ្លៃចំណាយក្នុងប្រតិបត្តិការសង្គ្រាមរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានប៉ាន់ប្រមាណថា មានតម្លៃរហូតដល់រាប់ពាន់លានដុល្លារអាម៉េរិក។ គិតមកទល់ពេលនេះសង្គ្រាមបញ្ឆេះឡើងដោយអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានអូសបន្លាយឈានចូលសប្តាហ៍ទី៥ហើយ ដែលកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើតម្លៃប្រេងឥន្ធនៈ និងថាមពលសកល ក្រោយអ៊ីរ៉ង់បិទច្រកសមុទ្រហ័រម៉ូស។
តំបន់អារ៉ាប់
ដោយ

នៅពេលអ្នកសារព័ត៌មានសួរថា តើរដ្ឋអារ៉ាប់គួរតែចូលរួមរ៉ាប់រងការចំណាយសម្រាប់សង្គ្រាមនាពេលនេះ ដូចកាលសង្គ្រាមឈូងសមុទ្រពែក្សឆ្នាំ១៩៩០ ដែលសម្ព័ន្ធមិត្តធ្លាប់បានផ្តល់មូលនិធិគាំទ្រកិច្ចអន្តរាគមន៍របស់ក្រុងវ៉ាស៊ីនតោនដែរឬទេ? អ្នកនាំពាក្យសេតវិមានលោកស្រី ការ៉ូលីន លីវីត (Karoline Leavitt) បានឆ្លើយតបថា លោកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មានចេតនាចង់ស្នើឱ្យពួកគេធ្វើបែបនោះ។ លោកស្រីបានសង្កត់ធ្ងន់ថា លោក ត្រាំ កំពុងពិចារណាលើបញ្ហានេះ ហើយព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហានេះអាចនឹងដឹងក្នុងពេលឆាប់ៗខាងមុខនេះ។

គួររំលឹកថា កាលពីទសវត្សរ៍ឆ្នាំ១៩៩០ សហរដ្ឋអាម៉េរិកបានដឹកនាំសម្ព័ន្ធមិត្តរាប់សិបប្រទេសចូលរួមក្នុងសង្គ្រាមឈូងសមុទ្រពែក្ស ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ាក់លើប្រទេសគុយវ៉ែត តាមការស្នើសុំរបស់ប្រទេសគុយវ៉ែត និងប្រទេសជិតខាងក្នុងតំបន់អារ៉ាប់។ ជាថ្នូរមកវិញ រដ្ឋនានាក្នុងតំបន់ និងសមាជិកសម្ព័ន្ធមិត្តរួមទាំងអាល្លឺម៉ង់ និងជប៉ុនបានរៃអង្គាសប្រាក់បានចំនួន៥៤ពាន់លានដុល្លារនៅពេលនោះ ឬស្មើនឹងតម្លៃបច្ចុប្បន្នប្រមាណ១៣៤ពាន់លានដុល្លារ ដើម្បីជួយរ៉ាប់រងថ្លៃចំណាយយោធារបស់សហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្លោះលើកនេះសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការប្រយុទ្ធជាមួយអ៊ីរ៉ង់ជាលក្ខណៈឯកតោភាគី ដោយមិនមានការទាញបញ្ចូលសម្ព័ន្ធមិត្ត ឬប្រទេសក្នុងតំបន់ឱ្យមកពាក់ព័ន្ធដោយផ្ទាល់ឡើយ។

ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍កាលពីដើមខែមីនា ថា មន្ត្រីរដ្ឋាភិបាលបានជម្រាបជូនសមាជិកសភាថា នៅក្នុងរយៈពេល៦ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់អាម៉េរិកចំណាយថវិកាអស់ជាង១១ពាន់លានដុល្លារ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានប៉ាន់ប្រមាណថា នៅក្នុងរយៈពេល១២នៃសង្គ្រាមអាម៉េរិកបានចំណាយថវិការហូតដល់ជាង១៦ពាន់លានដុល្លារ។

តែយ៉ាងណាបើតាមការព្យាកររបស់ស្ថាប័ន និងអ្នកជំនាញ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នេះ អាម៉េរិកអាចចំណាយរហូតដល់ទៅ១ពាន់លានដុល្លារក្នុងមួយថ្ងៃឯណោះ ដើម្បីទ្រទ្រង់ប្រតិបត្តិការយោធារបស់ខ្លួន ខណៈបច្ចុប្បន្នសង្គ្រាមនេះបានឈានចូលដល់សប្តាហ៍ទី៥ហើយ។ បច្ចុប្បន្នសេតវិមានកំពុងស្នើសុំកញ្ចប់ថវិកាយោធាបន្ថែមពីសភាយ៉ាងហោចណាស់២០០ពាន់លានដុល្លារ ដើម្បីគាំទ្រប្រតិបត្តិការយោធានៅអ៊ីរ៉ង់ និងបំពេញបន្ថែមឃ្លាំងគ្រាប់រំសេវរបស់មន្ទីរបញ្ចកោណឡើងវិញ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក មីន អ៊ុងឡាំង លាលែងពីតំណែងយោធា ដើម្បីត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា

លោក មីន អ៊ុងឡាំង (Min Aung Hlaing) ប្រមុខយោធាមីយ៉ាន់ម៉ា ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ បានសម្រេចចុះចេញពីតំណែងយោធា នៅថ្ងៃទី៣០ ខែមី…

ឯកឧត្តម ស សុខា បញ្ជាឱ្យទប់ស្កាត់ជនសង្ស័យ ដែលបានបើកឡានបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបងកុំឱ្យចេញក្រៅប្រទេស

រដ្ឋមន្ត្រីក្រសួងមហាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើជនសង្ស័យ ដែលបើករថយន្តបង្កគ្រោះថ្នាក់បណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់បាត់បង់ជីវិតនៅខេត្តបាត់ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ