ថ្លែងប្រាប់ស្ថានីយទូរទស្សន៍ DR របស់ដាណឺម៉ាក លោក ត្រូអេល ឡាន់ ពូលសេន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដាណឺម៉ាក បានបញ្ជាក់ថា ប្រជាជនហ្គ្រីនលែន ទទួលបានការមើលថែទាំសុខភាពយ៉ាងដិតដល់បំផុតរួចស្រេចទៅហើយ។ លោកបានលើកឡើងថា៖«ពលរដ្ឋហ្គ្រីនលែន ទទួលបានសេវាសុខាភិបាលយ៉ាងល្អប្រសើរ ទាំងនៅក្នុងដែនដីហ្គ្រីនលែនផ្ទាល់ និងនៅក្នុងប្រទេសដាណឺម៉ាក សម្រាប់ការព្យាបាលលើឯកទេសពិសេសៗ។ ដូច្នេះវាមិនមានភាពចាំបាច់ណាមួយ សម្រាប់ការផ្ដួចផ្ដើមផ្នែកសុខាភិបាលពីខាងក្រៅនោះឡើយ»។
គួរបញ្ជាក់ថា នៅកោះហ្គ្រីនលែន ក៏ដូចជានៅក្នុងប្រទេសដាណឺម៉ាក ប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។ បច្ចុប្បន្នមានមន្ទីរពេទ្យតំបន់ចំនួន៥ កំពុងប្រតិបត្តិការនៅទូទាំងកោះអាក់ទិកដ៏ធំល្វឹងល្វើយនេះ រួមទាំងមន្ទីរពេទ្យមជ្ឈមណ្ឌលក្នុងទីក្រុង នូអ៊ុក (Nuuk) ដែលជាបង្អែកដ៏រឹងមាំសម្រាប់អ្នកជំងឺទូទាំងដែនដី។ បន្ថែមលើនេះ រដ្ឋបាលមូលដ្ឋានហ្គ្រីនលែន ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីក្រុង កូប៉េនហាហ្គេន កាលពីដើមខែកុម្ភៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅដាណឺម៉ាកឱ្យកាន់តែប្រសើរឡើង។
ជម្លោះពាក្យសម្តីនេះបានផ្ទុះឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២១ ខែកុម្ភៈ ថា អាម៉េរិកនឹងបញ្ជូនកប៉ាល់មន្ទីរពេទ្យដ៏ធំមួយទៅកាន់កោះហ្គ្រីនលែន ដើម្បីមើលថែទាំមនុស្សជាច្រើន ដែលកំពុងឈឺ ហើយមិនបានទទួលការព្យាបាលនៅទីនោះ។ លោកថែមទាំងបានបញ្ជាក់យ៉ាងខ្លីថា វាកំពុងចេញដំណើរទៅហើយ។
ការប្រកាសរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃមហិច្ឆតារបស់លោកក្នុងការបង្កើនឥទ្ធិពលលើដែនដីយុទ្ធសាស្ត្រមួយនេះ ខណៈដែលកន្លងមក លោក ធ្លាប់បានបង្ហាញបំណងចង់ទិញយកកោះហ្គ្រីនលែនពីដាណឺម៉ាក ថែមទៀតផង៕
អត្ថបទៈ សួន ឡង់ទី