ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦ បានស្នើបង្កើនកញ្ចប់ថវិកាការពារជាតិ ដ៏សម្បើមរហូតដល់ ៥០% ឈានដល់១,៥ទ្រីលានដុល្លារ ចំពេលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកកំពុងស្ថិតក្នុងភាពដ៏តានតឹង និងគ្រោះថ្នាក់។ លោក ត្រាំ ជឿជាក់ថា ការបង្កើនកញ្ចប់ថវិកាការពារជាតិនេះនឹងជួយពង្រឹងសមត្ថភាពយោធាអាម៉េរិក ឱ្យកាន់តែរឹងមាំ និងរក្សាសន្តិសុខជាតិអាម៉េរិក ក្នុងនាមជាបងធំទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច។
សំណើរបស់លោក ត្រាំ នេះធ្វើឡើងចំពេលយោធាអាម៉េរិក កំពុងធ្វើសកម្មភាពកាន់តែកើនឡើង និងការបញ្ចេញវោហាសាស្ត្រដ៏ចម្រូងចម្រាសកាន់តែមុតស្រួចរបស់លោក ត្រាំ ទៅលើប្រទេសនានា ដូចជាប្រទេសវេណេស៊ុយអេឡា គុយបា និងកូឡុំប៊ីជាដើម ក៏ដូចជាការអំពាវនាវជាថ្មីរបស់លោក ដើម្បីគ្រប់គ្រងតំបន់ Greenland ដែលជាទឹកដីរបស់ប្រទេសដាណឺម៉ាក សម្រាប់ហេតុផលសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិកផងដែរ។
លោក ត្រាំ បានអះអាងថា ការបង្កើនការចំណាយសម្រាប់វិស័យការពារជាតិនេះអាចរ៉ាប់រងបានដោយសារការកើនឡើងនូវប្រាក់ចំណូលរដ្ឋាភិបាលអាម៉េរិក បានពីការដំឡើងពន្ធគយបដិការខ្ពស់។ ទោះជាយ៉ាងណា សំណើនេះត្រូវបានគេរំពឹងថា នឹងប្រឈមការប្រឆាំងជំទាស់ពីសំណាក់បក្សប្រជាធិបតេយ្យ ដែលមានការព្រួយបារម្ភអំពីតុល្យភាពថវិកា និងបក្សសាធារណរដ្ឋ ដែលមានការព្រួយបារម្ភអំពីឱនភាពថវិកា ដែលកំពុងកើនឡើង។
លោក ត្រាំ ក៏បានព្រមានបណ្ដាក្រុមហ៊ុនម៉ៅការធំៗពីក្រសួងការពារជាតិអាម៉េរិកផងដែរ ជាពិសេសក្រុមហ៊ុន Raytheon ថា ពួកគេអាចនឹងបាត់បង់កិច្ចសន្យាពីមន្ទីរបញ្ចកោណប្រសិនបើក្រុមហ៊ុនទាំងនោះនៅតែបន្តសម្រុកទិញចូលភាគហ៊ុនមកវិញជំនួសឱ្យការវិនិយោគបន្ថែមទៀតលើការផលិតអាវុធ។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានបញ្ជាឱ្យមន្ទីរបញ្ចកោណពិនិត្យឡើងវិញលើក្រុមហ៊ុនទទួលម៉ៅការពីក្រសួងការពារជាតិ ដែលមានដំណើរការមិនល្អ និងបានជំរុញឱ្យដាក់កំណត់លើប្រាក់បៀវត្សរ៍សម្រាប់នាយកប្រតិបត្តិ និងការទិញចូលភាគហ៊ុនមកវិញនៅក្នុងកិច្ចសន្យាជាមួយក្រសួងការពារជាតិអាម៉េរិកនាពេលអនាគតផងដែរ៕
ដោយ: តែម សុខុម