
ជាការកត់សម្គាល់ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានញ្ចេញប្រតិកម្មធ្ងន់ៗឆ្លើយតបទៅនឹងជំនួបជាប្រវត្តិសាស្ត្រនេះថា លោកស្វាគមន៍ចំពោះលោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន ដែលលោកទាំងពីរបានឃុបឃិតគ្នាប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
ប្រតិកម្មតបនឹងមេដឹកនាំកំពូលនៃប្រទេសមហាអំណាចនុយក្លេអ៊ែទាំងបី គឺមហាយក្សចិន រុស្ស៊ី និងកូរ៉េខាងជើង ដែលស្កាត់ជួបគ្នានៅប្រទេសចិន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកមិនព្រួយបារម្ភចំពោះទំនាក់ទំនងកាន់តែស្អិតរមួតរវាងមហាយក្សចិន និងរុស្ស៊ី នោះឡើយ ដោយនិយាយថា សហរដ្ឋអាម៉េរិក មានអំណាចយោធាដ៏ខ្លាំងអស្ចារ្យ ដែលគ្មានយោធាប្រទេសណាអាចប្រៀបផ្ទឹមបាន។ លោក ត្រាំ បានប្រកាសបែបនេះនៅក្នុងបទសម្ភាសតាមវិទ្យុមួយកាលពីថ្ងៃទី២ ខែកញ្ញា។
លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសនោះថា សហរដ្ឋអាម៉េរិក មានយោធាខ្លាំងបំផុតនៅក្នុងពិភពលោក គឺខ្លាំងជាងដាច់បើធៀបនឹងប្រទេសផ្សេងៗ ហើយថា មហាយក្សចិន និងរុស្ស៊ី នឹងមិនហ៊ានប្រើកម្លាំងយោធាវាយប្រាហារមកលើសហរដ្ឋអាម៉េរិក នោះឡើយ។ លោក ដូណាល់ ត្រាំ បានបន្ថែមទៀតថា លោកជឿថា ប្រសិនបើមហាយក្សចិន និងរុស្ស៊ី ពិតជាហ៊ានមែន នោះជារឿងដ៏អាក្រក់បំផុតដែលពួកគេទទួលផលតបស្នងវិញ។
យ៉ាងណាមិញលោក ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះលោក ពូទីន ព្រោះលោក និងលោក ពូទីន នឹងត្រូវរួមគ្នាធ្វើកិច្ចការដ៏សំខាន់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលមិនសំដៅតែការជួយសង្គ្រោះជីវិតមនុស្សនៅអ៊ុយក្រែន នោះទេ។
សូមបញ្ជាក់ថា ការអត្ថាធិប្បាយមិនសំចៃមាត់របស់លោក ត្រាំ ធ្វើឡើង ស្របពេលដែលមហាយក្សចិន និងរុស្ស៊ី ព្រមទាំងឥណ្ឌា ពន្លឿនកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រឆាំងនឹងសណ្ឋាប់ធ្នាប់អន្តរជាតិបច្ចុប្បន្ន ដែលដឹកនាំដោយលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម