 
      កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកកំពូលទាំងពីរ គឺលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នានៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ដែលជាជំនួបលើកដំបូងរវាងបុរសទាំងពីរនេះចាប់តាំងពីឆ្នាំ២០១៩ មុនពេលលោក ត្រាំ បញ្ចប់ដំណើរទស្សនកិច្ចមួយសប្ដាហ៍នៅជុំវិញទ្វីបអាស៊ី។
លោក ត្រាំ បាននិយាយក្នុងពេលចាប់ដៃជាមួយលោក ស៊ី នៅមុនកិច្ចប្រជុំចាប់ផ្តើមថា ពួកគេនឹងមានកិច្ចប្រជុំដ៏ជោគជ័យមួយ និងថាលោក ស៊ី ជាអ្នកចរចាដ៏រឹងរូសម្នាក់ ហើយថា ពួកគេអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ លោក ស៊ី បានប្រាប់លោក ត្រាំ ថា វាជារឿងធម្មតាទេ ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរមានការប៉ះទង្គិចគ្នាម្ដងម្កាលបែបនេះ។
លោក ស៊ី បានបន្ថែមថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកចរចាពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នាជាមូលដ្ឋានលើការដោះស្រាយក្ដីកង្វល់ចម្បងៗទៅវិញទៅមករួចហើយ ហើយថា លោកមានឆន្ទៈក្នុងការបន្តធ្វើការជាមួយលោក ត្រាំ ដើម្បីចាក់គ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិក។
លោក ត្រាំ បានប្រាប់អ្នកកាសែតលើយន្តហោះ Air Force One របស់លោកក្នុងពេលត្រឡប់ទៅអាម៉េរិកវិញថា លោកបានព្រមព្រៀងជាមួយលោក ស៊ី ដើម្បីកាត់បន្ថយពន្ធលើប្រទេសចិនជាថ្នូរនឹងការបង្ក្រាបរបស់ទីក្រុងប៉េកាំង លើការជួញដូរគ្រឿងញៀនហ្វេនតានីលខុសច្បាប់ហើយចិនត្រូវបន្តទិញសណ្តែកសៀងពីអាម៉េរិក និងរក្សាការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅសហរដ្ឋអាម៉េរិកផងដែរ។
លោក ត្រាំ បាននិយាយថា លោកគិតថាវាជាកិច្ចប្រជុំដ៏អស្ចារ្យមួយ ហើយថា ពន្ធដែលដាក់លើការនាំចូលរបស់ចិននឹងត្រូវកាត់បន្ថយពី៥៧%មកនៅត្រឹម៤៧% និងកាត់បន្ថយអត្រាពន្ធដែលទាក់ទងនឹងការជួញដូរថ្នាំញៀនហ្វេនតានីលពី២០%នៅមកត្រឹម១០%វិញ។
លោក ត្រាំ បាននិយាយថា លោក ស៊ី នឹងខំប្រឹងធ្វើការដើម្បីបញ្ឈប់រំហូរថ្នាំញៀនហ្វេនតានីល ដែលជាមូលហេតុចម្បងនៃការសម្លាប់មនុស្សដោយសារតែការប្រើវាលើសកម្រិតនៅអាម៉េរិក។ តែយ៉ាងណា មកដល់ពេលនេះគ្មានមន្ត្រីចិន ឬអាម៉េរិកណាមួយបញ្ជាក់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការរវាងអាម៉េរិក និងចិននោះទេ៕
 ដោយ៖ សុខ មង្គល
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              