JPMorgan

លោក ត្រាំ ប្តឹងធនាគារយក្សអាម៉េរិក JPMorgan ទារសំណង៥ពាន់លានដុល្លារ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ប្តឹងធនាគារយក្ស JPMorgan Chase និងនាយកប្រតិបត្តិលោក ចេមី ដៃម៉ុន (Jamie Dimon) ទាមទារសំណងចំនួន៥ពាន់លានដុល្លារ។ លោក ត្រាំ បានចោទធនាគារនេះថា បានបិទគណនីផ្ទាល់ខ្លួន និងគណនីអាជីវកម្មរបស់លោក ក្រោមហេតុផលនយោបាយ បន្ទាប់ពីលោកបានចាកចេញពីតំណែងកាលពីខែមករា ឆ្នាំ២០២១ ដែលធ្វើឱ្យលោកមិនអាចប្រើប្រាស់គណនីទាំងនោះបាន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera។
JPMorgan
ដោយ
អំពី JPMorgan

លោក ដូណាល់ ត្រាំ មេដឹកនាំអាម៉េរិក កាលពីថ្ងៃទី២២ ខែមករា បានដាក់ពាក្យប្តឹងធនាគារខ្នាតយក្សរបស់អាម៉េរិក JPMorgan និងនាយកប្រតិបត្តិរបស់ធនាគារនេះលោក ចេមី ដៃម៉ុន ទៅតុលាការ ម៉ៃអាមី ដេដ (Miami-Dade) ក្នុងរដ្ឋផ្លរីដា ពីបទបិទគណនីផ្ទាល់ខ្លួន និងអាជីវកម្មរបស់លោក ដោយទារសំណងរហូតដល់៥ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងពាក្យបណ្តឹងនោះលោក ត្រាំ អះអាងថា ធនាគារនេះបានបិទគណនីរបស់លោកជាបន្តបន្ទាប់កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយជូនដំណឹងមុនត្រឹមតែ៦០ថ្ងៃ និងគ្មានការអធិប្បាយពន្យល់អ្វីទាំងអស់។

លោក ត្រាំ បានគូសបញ្ជាក់ថា ទង្វើរបស់ធនាគារ JPMorgan បានបង្កផលប៉ះពាល់ដល់ចរន្តសាច់ប្រាក់រាប់លានដុល្លាររបស់លោក និងអាជីវកម្ម ពោលគឺរារាំងដល់ប្រតិបត្តិការងារផ្សេងៗ និងបង្ខំឱ្យលោកត្រូវស្វែងរកធនាគារថ្មី ដើម្បីបើកគណនីជាបន្ទាន់។ មេដឹកនាំអាម៉េរិករូបនេះបានចាត់ទុកការចាត់វិធានការរបស់ធនាគារនេះធ្វើឡើងក្រោមហេតុផលនយោបាយ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន JPMorgan បានចេញសេចក្តីថ្លែងការមួយដោយបង្ហាញភាពសោកស្តាយចំពោះការចោទប្រកាន់របស់លោក ត្រាំ ហើយអះអាងថា ពួកគេមិនបានបិទគណនីធនាគារ ដោយសារហេតុផលនយោបាយនោះទេ។ អ្នកនាំពាក្យធនាគាររបស់ធនាគារនេះបានលើកឡើងថា៖«បណ្តឹងនេះមិនមានមូលដ្ឋានត្រឹមត្រូវទេ។ យើងមិនដែលបិទគណនីដោយសារហេតុផលនយោបាយ ឬសាសនាណាមួយនោះទេ ប៉ុន្តែគឺដោយសារគណនីទាំងនោះបង្កហានិភ័យផ្នែកផ្លូវច្បាប់ និងបទប្បញ្ញត្តិដល់ក្រុមហ៊ុន»។ ជាមួយគ្នានេះសេតវិមានបានបញ្ជាក់ថា ខ្លួននឹងបញ្ជូនករណីនេះទៅឱ្យទីប្រឹក្សាផ្នែកច្បាប់ខាងក្រៅរបស់ប្រធានាធិបតី ជាអ្នកពិនិត្យ និងចាត់ការបន្ត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


តើក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ អាចធ្វើឱ្យ UN រង្គោះរង្គើយ៉ាងណាដែរ?

ការប៉ុនប៉ងរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីក្លាយជាអ្នកបង្កើតសន្តិភាពនៅលើពិភពលោកកំពុងបង្កការរង្គោះរង្គើដល់អង្គការសហប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ