
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ថា ក្រុមហ៊ុន Coca-Cola បានយល់ព្រមប្រើប្រាស់ស្ករអំពៅជំនួសឱ្យស៊ីរ៉ូប៍ពោតនៅក្នុងភេសជ្ជៈរបស់ពួកគេនៅសហរដ្ឋអាម៉េរិក បន្ទាប់ពីលោកបានពិភាក្សាជាមួយនឹងក្រុមហ៊ុននេះ ហើយលោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុននេះចំពោះការយល់ព្រមតាមសំណើរបស់លោកផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុន Coca-Cola បាននិយាយថា ក្រុមហ៊ុននឹងចែករំលែកព័ត៌មានលម្អិតអំពីការផ្តល់ជូនថ្មីៗក្នុងពេលឆាប់ៗនេះ និងបានកោតសរសើរចំពោះចំណូលចិត្តរបស់លោក ត្រាំ ចំពោះផលិតផលរបស់ពួកគេ។ តាមធម្មតានាពេលកន្លងមក ក្រុមហ៊ុនកូកា-កូឡា បានផលិតភេសជ្ជៈកូកាកូឡាដោយប្រើជាតិផ្អែមជាមួយនឹងស៊ីរ៉ូប៍ពោតសម្រាប់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រើប្រាស់ស្ករអំពៅសម្រាប់ប្រទេសមួយចំនួន។
របាយការណ៍របស់គណៈកម្មការសុខភាពអាម៉េរិក MAHA របស់រដ្ឋបាលលោក ត្រាំ បាននិយាយថា ការប្រើប្រាស់ស៊ីរ៉ូប៍ពោតដែលមានជាតិស្ករហ្វ្រូតូស (fructose) កម្រិតខ្ពស់អាចធ្វើឱ្យកុមារឆាប់ឡើងគីឡូ និងបង្កជាបញ្ហាមួយចំនួនទៀត។
ជុំវិញផែនការរបស់លោក ត្រាំ នេះ បានធ្វើឱ្យអ្នកដាំពោតភាគច្រើននៅអាម៉េរិក បានបង្ហាញការមិនពេញចិត្ត ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ពួកគេ ហើយម្យ៉ាងទៀតផែនការនេះហាក់លម្អៀងទៅខាងស្រុកកំណើតរបស់លោក ត្រាំ នៅរដ្ឋផ្លរីដា ជាទីដែលមានការផលិតអំពៅដ៏ច្រើនបំផុតនៅប្រទេសនេះ។
ប្រធាន និងជានាយកប្រតិបត្តិនៃសមាគមអ្នកចម្រាញ់ពោតលោក ចន បូដ (John Bode) បាននិយាយថា ការជំនួសស៊ីរ៉ូប៍ពោតដោយស្ករអំពៅនេះមិនសមហេតុផលទេ ព្រោះការធ្វើបែបនេះនឹងធ្វើឱ្យបាត់ការងារផលិតកម្មម្ហូបអាហាររបស់អាម៉េរិក រាប់ពាន់នាក់ បាត់ប្រាក់ចំណូលបានមកពីកសិដ្ឋានមួយចំនួន និងជំរុញការនាំចូលស្ករពីបរទេស៕
ដោយ៖ សុខ មង្គល