ដំឡូងមី

លោក ត្រាំ ប្រាប់សភាថា អាម៉េរិកបានឈានចូលដល់យុគសម័យមាស ខណៈក្ដីបារម្ភអំពីបញ្ហាសេដ្ឋកិច្ចក្នុងស្រុកកំពុងកើនឡើង


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសក្ដែងៗថា សហរដ្ឋអាម៉េរិក បានឈានចូលដល់យុគសម័យមាសហើយ នៅក្នុងអំឡុងថ្លែងសុន្ទករថាក្នុងសភាអាម៉េរិករយៈពេលជិត២ម៉ោង ដែលជាការថ្លែងវែងបំផុតក្នុងប្រវត្តិសាស្ត្រ ទាំងដែលក្ដីបារម្ភអំពីបញ្ហាសេដ្ឋកិច្ចក្នុងស្រុកកំពុងកើនឡើង ហើយលោកបានអួតថា នោះជាសមិទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំអស្ចារ្យរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

នៅក្នុងសុន្ទរកថានៅសភាអាម៉េរិក ដែលប្រើពេលរហូតដល់ទៅ១ម៉ោង និង៤៨នាទីដែលវែងបំផុតជាប្រវត្តិសាស្ត្រលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានកាត់បន្ថយអតិផរ​ណា ជំរុញទីផ្សារភាគហ៊ុន កាត់បន្ថយពន្ធក្នុងស្រុក និងបន្ទាបថ្លៃថ្នាំពេទ្យ។ ទោះជាយ៉ាងណា ទិន្នន័យថ្មីៗបង្ហាញថា សេដ្ឋកិច្ចអាម៉េរិក កំពុងដាំក្បាលចុះ អតិផរណានៅតែជាក្ដីកង្វល់ ហើយកម្រិតប្រជាប្រិយភាពរបស់លោក ក៏បានធ្លាក់ចុះនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគ្រោងធ្វើឡើងនៅវិច្ឆិកា ឆ្នាំ២០២៦។

ការស្ទង់មតិថ្មីៗនេះបានរកឃើញថា មានពលរដ្ឋអាម៉េរិកតែ៣៦%ប៉ុណ្ណោះ ដែលពេញចិត្តការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក។ អ្នកបោះឆ្នោតជាច្រើននៅតែមានការព្រួយបារម្ភអំពីការចំណាយខ្ពស់លើការរស់នៅ។ លោក ត្រាំ ក៏បាននិយាយការពារគោលនយោបាយអន្តោប្រវេសន៍ និងពន្ធពាណិជ្ជកម្មរបស់លោកផងដែរ ទោះបីជាវិធានការពន្ធគយសកលមួយចំនួនរបស់លោក ត្រូវបានរារាំងដោយតុលាការកំពូលសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះក៏ដោយ។ ក្រុមប្រជាធិបតេយ្យបានរិះគន់ភាពជាអ្នកដឹកនាំរបស់លោក ដោយនិយាយថា លោកមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីជួយគ្រួសារពលរដ្ឋដែលកំពុងជួបការលំបាកនោះទេ។

សុន្ទរកថានេះបានឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើង ដោយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យមួយចំនួនបានធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍នេះ ខណៈដែលអ្នកផ្សេងទៀតនាំគ្នាតវ៉ានៅក្នុងសភា។

សូមបញ្ជាក់ថា នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សភាអាម៉េរិក នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បានចាយពេលរហូតដល់ទៅ១ម៉ោង និង៤៨នាទី ដោយបំបែកកំណត់ត្រាចាស់របស់លោកផ្ទាល់កាលពីឆ្នាំមុន ដែលចំណាយពេល១ម៉ោង និង៣៨នាទី។ នេះបើយោងតាមយោងតាម The American Presidency Project។

ទន្ទឹមនេះ បើនិយាយពីកំណត់ត្រាថ្លែងសុន្ទរកថាក្នុងសភាដែលឆាប់បំផុតវិញ គឺកាន់កាប់ដោយអតីតប្រធានាធិបតី Richard Nixon ក្នុងឆ្នាំ១៩៧២ ដែលចំណាយពេលត្រឹមតែ២៨នាទីប៉ុណ្ណោះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា-បារាំង ប្តេជ្ញាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរ

កម្ពុជា និងបារាំងបានឯកភាពគ្នាក្នុងការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទា…

អាម៉េរិក ដំឡើងពន្ធខ្ពស់កប់ពពកលើការនាំចូលបន្ទះសូឡាពីប្រទេសចំនួន២នៅអាស៊ាន និងឥណ្ឌា

បន្ទាប់ពីបានដាក់ពន្ធលើប្រទេសអាស៊ានចំនួន៤ កាលពីឆ្នាំ២០២៥ ថ្មីៗនេះសហរដ្ឋអាម៉េរិកបានបន្តពង្រីកវិសាលភាព នៃការរឹតបន្តឹងពាណិជ្ជកម្មលើបន្ទះសូឡា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ