វិស័យពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធបន្ថែម១០% លើប្រទេសណា ដែលអនុវត្តតាមគោលនយោបាយនៃប្លុកប្រទេស BRICS


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធបន្ថែម១០% លើប្រទេសណាដែលអនុវត្ត ឬសម្របខ្លួនតាមគោលនយោបាយប្រឆាំងសហរដ្ឋអាម៉េរិករបស់ប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិកសំខាន់ៗរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ថា ប្រទេសណាមួយដែលអនុវត្ត ឬសម្របខ្លួនតាមគោលនយោបាយប្រឆាំងសហរដ្ឋអាម៉េរិករបស់ប្លុកប្រទេស BRICS ដែលមានសមាជិកស្ថាបនិក រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ​ចិន និងអាហ្វ្រិកខាងត្បូង នឹងត្រូវទទួលរងការដំឡើងពន្ធគយ១០% បន្ថែមទៀតពីសហរដ្ឋអាម៉េរិក។ លោក ត្រាំ បានព្រមានបែបនេះស្របពេលដែលប្លុកប្រទេស BRICS ដែលសមាជិកភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រជុំកំពូលរយៈពេល២ថ្ងៃនៅទីក្រុង Rio ប្រទេសប្រេស៊ីល ពោលគឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ សប្តាហ៍នេះ។

សូមបញ្ជាក់ថា ប្លុកប្រទេស BRICS ដែលមានសមាជិកដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ បានចាត់ទុកខ្លួនឯងថា ជាវេទិកាសម្របសម្រួលនយោបាយ និងការទូតសម្រាប់បណ្ដាប្រទេសមកពីតំបន់ Global South។

អ្វីដែលជាការកត់សម្គាល់ នេះជាលើកដំបូងហើយ ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអវត្តមានពីកិច្ចប្រជុំកំពូលនៃប្លុកប្រទេស BRICS ដោយលោកបានបញ្ជូនឱ្យនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ទៅចូលរួមជំនួស ខណៈប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមពីចម្ងាយតាមប្រព័ន្ធអ៊ីនធឺណិត។

សូមបញ្ជាក់ថា ប្លុកប្រទេស BRICS កាលពីថ្ងៃអាទិត្យ កន្លងទៅ បានរិះគន់ការដំឡើងពន្ធ និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ឱ្យចំៗនោះឡើយ។ ប្លុកប្រទេស BRICS បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពយោធារបស់អ៊ីស្រាអែល ផងដែរ ប៉ុន្តែមិនបានរិះគន់ប្រទេសរុស្ស៊ី នោះឡើយ ហើយបានលើកឡើងពីប្រទេសអ៊ុយក្រែន តែម្តងគត់។

ដោយឡែកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមបញ្ជូនលិខិតនៅថ្ងៃទី៧ ខែកក្កដា នេះ ដើម្បីបញ្ជាក់លម្អិតអំពីអត្រាពន្ធគយជាក់លាក់សម្រាប់ប្រទេសនីមួយៗ និងកិច្ចព្រមព្រៀងដែលបានសហរដ្ឋអាម៉េរិក បានឈានដល់ជាមួយដៃគូពាណិជ្ជកម្មផ្សេងៗ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះនៅអាស៊ាន ដែលកំពុងប្រជែងគ្នាខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរចិន?

បច្ចុប្បន្នចិន ជាទីផ្សារទេសចរណ៍ធំជាងគេសម្រាប់តំបន់អាស៊ាន ដោយប្រទេសនានា នៅក្នុងតំបន់នេះសុទ្ធតែកំណត់ និងដាក់គោលដៅក្នុងការទាក់ទាញភ្ញៀវទេស…

តើអត្រាពន្ធបដិការ៣៦% របស់អាម៉េរិក អាចជះឥទ្ធិពលយ៉ាងណាដល់វិស័យកាត់ដេររបស់កម្ពុជា?

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចបន្ថយអត្រាពន្ធបដិការពី៤៩%មកនៅត្រឹម៣៦%លើទំនិញកម្ពុជា ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ