
ក្រោយបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ី បានទទួលរងទណ្ឌកម្មជុំទិស ដែលដាក់ដោយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលធ្វើរុស្ស៊ី ក្លាយជាប្រទេសដែលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងពិភពលោក។ តែទោះជាយ៉ាងនេះក្តី ក៏រុស្ស៊ីក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន នៅតែអាចកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការលក់ប្រេង និងឧស្ម័ន ដែលធ្វើឱ្យប្រទេសនេះនៅតែមានលទ្ធភាពខ្ពស់មិនចេះរីងស្ងួតក្នុងការជះលុយធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ដ៏អូសបន្លាយរហូតមកទល់បច្ចុប្បន្ន ។
ដោយចង់បញ្ឈប់មហិច្ឆតាឈ្លានពានរបស់រុស្ស៊ី ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមថា ចាប់ពីថ្ងៃទី៨ ខែសីហា តទៅ សហរដ្ឋអាម៉េរិកនឹងយកពន្ធរហូតដល់ទៅ១០០% លើទំនិញនាំចូលពីប្រទេសណាដែលនៅបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី លុះត្រាតែរុស្ស៊ី ឈានដល់បទឈប់បាញ់។
ពន្ធទណ្ឌកម្មប្រយោលទាំងនេះ មានន័យថា ប្រសិនបើប្រទេសសំខាន់ៗមួយចំនួនដូចជា មហាយក្សចិន ឥណ្ឌា និងតួកគីនៅតែបន្តទិញប្រេងពីរុស្ស៊ី នោះទំនិញរបស់ប្រទេសទាំងនេះនឹងត្រូវបង់ពន្ធខ្ពស់កប់ពពករហូតដល់ទៅ១០០% នៅពេលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ ទិន្នន័យបង្ហាញថា ប្រេង និងឧស្ម័នជាទំនិញនាំចេញដ៏ធំបំផុតរបស់រុស្ស៊ី ហើយអតិថិជនធំៗបំផុតមួយចំនួនរបស់ក្រុងមូស្គូ រួមមានចិន ឥណ្ឌា និងប្រទេសតួកគី។
ប្រាកដណាស់ ពន្ធទណ្ឌកម្មដោយប្រយោលដែលលោក ដូណាល់ ត្រាំ ដាក់លើប្រទេសរុស្ស៊ី នឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោកដូចជាធ្វើឱ្យតម្លៃទំនិញ ជាពិសេសទំនិញថាមពលរួមមានប្រេង និងឧស្ម័នហក់ឡើងខ្ពស់ ប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ពាណិជ្ជកម្មអន្តរជាតិរងការរអាក់រអួល អតិផរណាហក់ឡើងខ្ពស់ និងភាពតានតឹងផ្នែកនយោបាយ ហើយវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិក ជាមួយបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួនផងដែរ៕
ដោយ: តែម សុខុម