លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក គួរតែមានសិទ្ធិជាម្ចាស់កម្មសិទ្ធិយ៉ាងហោចណាស់ពាក់កណ្តាលលើស្ពានអន្តរជាតិ ហ្គ័រឌី ហូវេ (Gordie Howe) ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ដើម្បីតភ្ជាប់រដ្ឋមីឈីហ្គែន របស់អាម៉េរិក ជាមួយខេត្តអនថារីអូ របស់កាណាដា។ ស្ពានតម្លៃ៤,៧ពាន់លានដុល្លារ ដែលបានបើកការសាងសង់កាលពីឆ្នាំ២០១៨ នេះ គ្រោងបើកឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៦ នេះ។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា លោកនឹងមិនអនុញ្ញាតឱ្យស្ពាននេះបើកដំណើរការនោះទេ រហូតទាល់តែសហរដ្ឋអាម៉េរិក ទទួលបានសំណងពេញលេញសម្រាប់អ្វីគ្រប់យ៉ាងដែលលោកបានផ្តល់ឱ្យ និងសំខាន់ជាងនោះទៅទៀត កាណាដាគួរតែប្រតិបត្តិចំពោះសហរដ្ឋអាម៉េរិក ដោយយុត្តិធម៌។
ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានទាំងស្រុងដោយប្រទេសកាណាដា ហើយនឹងត្រូវគ្រប់គ្រងរួមគ្នាដោយរដ្ឋាភិបាលកាណាដា និងរដ្ឋ Michigan។
ពាក់ព័ន្ធពញ្ហានេះ លោកស្រី ឃែនដាស លៀង (Candace Laing) នាយិកាប្រតិបត្តិនៃសភាពាណិជ្ជកម្មកាណាដា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មិនថា រឿងនេះជាការពិត ឬគ្រាន់តែជាការគំរាមនោះទេ តែការរារាំង ឬការបិទស្ពាន គឺជាទង្វើមួយដែលឥតប្រយោជន៍។
គួររំលឹកថា ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរនេះបានផ្ទុះឡើងខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានគំរាមដាក់ពន្ធរហូតដល់១០០% លើទំនិញនាំចូលពីកាណាដា។ ការណ៍នេះកើតឡើងក្រោយពេលនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែមករា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយប្រទេសចិន ដែលធ្វើឱ្យលោក ត្រាំ ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង៕
អត្ថបទៈ សួន ឡង់ទី