បើតាមលិខិតរបស់មេធាវីការពារក្ដីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឱ្យដឹងថា មេធាវីរបស់លោក ត្រាំ បានប្រាប់ឱ្យប្រព័ន្ធផ្សព្វផ្សាយ BBC ត្រូវតែដកវីដេអូឯកសាររបស់ខ្លួនចេញពីវេទិកាអនឡាញនៅត្រឹមថ្ងៃសុក្រ សប្ដាហ៍នេះ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងបណ្តឹងទាមទារសំណងជំងឺចិត្តមិនក្រោមជាង១ពាន់លានដុល្លារអាម៉េរិកឡើយ។
លិខិតខាងលើ ក៏បានទាមទារឱ្យ BBC ចេញលិខិតសុំទោស និងផ្តល់សំណងជំងឺចិត្តដល់លោក ត្រាំ ចំពោះការធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះរបស់លោក ត្រាំ។ ការគំរាមរបស់លោក ត្រាំ នេះធ្វើឡើងក្រោយពី BBC បានបង្ហាញវីដេអូឯកសារនៅលើកម្មវិធីព័ត៌មានដ៏លេចធ្លោមួយរបស់ខ្លួន ដោយកាត់តបញ្ចូលគ្នានូវវីដេអូចំនួន៣ ដែលដកស្រង់ចេញពីសុន្ទរកថារបស់លោក ត្រាំ ដែលធ្វើឱ្យមានការភាន់ច្រឡំថា លោកបានញុះញង់ឱ្យមានកុបកម្មនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ មេធាវីរបស់លោក ត្រាំ បានច្រានចោលចំពោះបញ្ហានេះ និងបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយនេះពីបទបរិហាកេរ្តិ៍។
ការផ្សព្វផ្សាយសុន្ទរកថា និងការរិះគន់យ៉ាងទូលំទូលាយចំពោះ BBC News បានធ្វើឱ្យប្រព័ន្ធផ្សាយព័ត៌មានមួយនេះធ្លាក់ចូលក្នុងវិបត្តិបណ្តាលឱ្យអគ្គនាយកលោក ធីម ដេវី (Tim Davie) និងនាយកប្រតិបត្តិព័ត៌មានលោកស្រី ដេបូរ៉ា ធើនីស (Deborah Turness) លាឈប់ពីតំណែងកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។
លោក សាមៀ សា (Samir Shah) ប្រធាន BBC កាលពីថ្ងៃចន្ទ បានសុំទោសចំពោះការកាត់ត វីដេអូនេះ ប៉ុន្តែបានបដិសេធនូវការអះអាងអំពីភាពលំអៀងក្នុងការផ្សព្វផ្សាយព័ត៌មាន ហើយថា BBC កំពុងពិចារណាអំពីរបៀបឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកច្បាប់ ខណៈអ្នកនាំពាក្យរបស់ BBC បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយនេះនឹងឆ្លើយតបដោយផ្ទាល់តាមពេលវេលាសមស្រប៕
ដោយ៖ សុខ មង្គល