ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋ និងរងសម្ពាធពីសម្ព័ន្ធមិត្តមួយចំនួន ដែលបង្ខំឱ្យបញ្ជាក់ពីគោលបំណង នៃការធ្វើសង្គ្រាមរបស់អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ឱ្យបានច្បាស់លាស់ ស្របពេលប្រជាប្រិយភាពកំពុងមានការធ្លាក់ចុះខ្លាំង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានថ្លែងសារជាសាធារណៈទៅកាន់ប្រជាពលរដ្ឋដោយអះអាងថា អាម៉េរិកជិតសម្រេចគោលដៅរបស់ខ្លួនហើយ ក្រោយបានបំផ្លាញកងទ័ពជើងទឹក ទ័ពអាកាស និងកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ស្ទើរខូចខាតទាំងស្រុង។
យោងងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងបន្តវាយប្រហារលើគោលដៅយុទ្ធសាស្ត្រនានារបស់អ៊ីរ៉ង់រយៈពេលពី២ទៅ៣សប្តាហ៍ទៀត ដោយលោក បានសន្យាជាមួយប្រជាជនអាម៉េរិកថា ប្រតិបត្តិការនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណាក្នុងសុន្ទរកថារយៈពេល១៩នាទីនោះ លោក ត្រាំ ហាក់បានរំលងបញ្ហាមួយចំនួន ដែលមិនទាន់មានដំណោះស្រាយ ដូចជាការស្តុកទុកអ៊ុយរ៉ានីញ៉ូមដ៏គ្រោះថ្នាក់របស់អ៊ីរ៉ង់ និងបញ្ហាសន្តិសុខនៅច្រកសមុទ្រហ័រម៉ូស។
អ្វីដែលគួរឱ្យកត់សម្គាល់ លោកបានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងរីកកាន់តែធំ និងធ្ងន់ធ្ងរជាងនេះ ប្រសិនបើមេដឹកនាំអ៊ីរ៉ង់មិនព្រមចុះចាញ់តាមលក្ខខណ្ឌរបស់សហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលចរចារកបទឈប់បាញ់ ដែលនេះអាចឈានដល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងវិស័យប្រេងទាំងស្រុងរបស់អ៊ីរ៉ង់។
លោក ត្រាំ បានថ្លែងក្នុងន័យបញ្ចុះបញ្ចូលថា អាម៉េរិកកំពុងឈានទៅរកការបញ្ចប់គោលដៅយោធាទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ និងប្តេជ្ញាវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់នៅសប្តាហ៍ខាងមុខ ដើម្បីកម្ទេចគោលដៅសំខាន់ៗដោយមិនដកដៃឡើយ។
ចំពោះក្តីបារម្ភលើបញ្ហាសេដ្ឋកិច្ច លោក ត្រាំ បានបកស្រាយដោយទម្លាក់កំហុសទៅលើអ៊ីរ៉ង់ថា ការកើនឡើង នៃតម្លៃថាមពលក្នុងរយៈពេលខ្លីនេះ គឺជាលទ្ធផល នៃទង្វើបង្កហេតុរបស់របបទីក្រុងតេអេរ៉ង់ ដែលបានវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់ប្រទេសជិតខាង ដែលមិនពាក់ព័ន្ធនឹងជម្លោះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស