ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈចង់ឃើញប្រទេសជិតខាងគ្នាទាំងពីរនេះ ចាត់វិធានការសម្រាប់សន្តិភាពយូរអង្វែង។
ការថ្លែងឡើងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកនេះ បានធ្វើឡើងនៅក្រោយពេល ដែលរាជរដ្ឋាភិបាលថៃ បានសម្រេចព្យួរការអនុវត្តសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាពកម្ពុជា-ថៃ បន្ទាប់ពីទីក្រុងបាងកក បានចោទភាគីកម្ពុជាទាំងគ្មានអំណះអំណាងច្បាស់លាស់ថា បានដាក់បង្គប់មីនថ្មី បង្កគ្រោះថ្នាក់ដល់ទាហានរបស់ខ្លួន ដែលដើរល្បាតតាមតំបន់ព្រំដែន កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ទោះយ៉ាងណា ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១០ ខែវិច្ឆិកា ក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ភាគីថៃ ក្នុងការផ្អាកកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ដែលភាគីទាំងពីរសម្រេចបានយ៉ាងលំបាកនាពេលកន្លងមក។ ក្រសួងការបរទេសបានកត់សម្គាល់ទៀតថា តំបន់ជាច្រើននៅតាមតំបន់ព្រំដែនរបស់កម្ពុជា មិនទាន់បានបោសសម្អាតមីនអស់នៅឡើយទេ ពោលរាប់តាំងពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជាកាលពីប៉ុន្មានទសវត្សរ៍មុនមកម្ល៉េះ ដោយសារតែស្ថានស្ថានដីលំបាក និងស្ថានភាពមិនទាន់កំណត់ព្រំដែនច្បាស់លាស់នៃតំបន់នោះ។
ដោយឡែក នៅថ្ងៃទី ១១ ខែវិច្ឆិកា ក្រសួងការពារជាតិកម្ពុជា ក៏បានច្រានចោល ការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបាន ដាក់មីនថ្មី។ ក្រសួងការពារជាតិ អះអាងថា តំបន់ដែលទាហានថៃដើរល្បាតនោះ គឺជាចម្ការមីនចាស់ ដែលសល់ទុកពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជា។ ក្រសួងការពារជាតិ បានបញ្ជាក់នូវគោលជំហរយ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។