អ៊ុយក្រែន - រុស្ស៊ី

លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែន កាត់ទឹកដីមួយចំនួនឱ្យរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអនុម័តផែនការសន្តិសុខរបស់អាម៉េរិក សម្រាប់ប្រទេសអ៊ុយក្រែន ដោយជំរុញឱ្យប្រទេសនេះកាត់ទឹកដីមួយចំនួនទៅឱ្យរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដ៏អូសបន្លាយជាមួយរុស្ស៊ី ខណៈមេដឹកនាំអ៊ុយក្រែន និយាយថា មានតែសហរដ្ឋអាម៉េរិកទេ ដែលមានសមត្ថភាពបញ្ចប់សង្គ្រាមនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អ៊ុយក្រែន - រុស្ស៊ី
ដោយ

សារព័ត៌មានធំៗរួមទាំង AFP ផងនោះ បានរាយការណ៍កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអនុម័តផែនការឈប់បាញ់គ្នា ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងគៀវ កាត់ទឹកដីមួយចំនួន ដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងរបស់រុស្ស៊ី ឱ្យទៅប្រទេសរុស្ស៊ី និងកាត់បន្ថយកម្លាំងយោធារបស់ខ្លួនផងដែរ។

ប្រភពដែលដឹងពីបញ្ហានេះបានឱ្យដឹងថា សហរដ្ឋអាម៉េរិក​ចង់ឱ្យអ៊ុយក្រែន ​ទទួលយកចំណុច​សំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។ ផែនការថ្មីរបស់អាម៉េរិកនេះរំពឹងថា អ៊ុយក្រែននឹងផ្តល់ទឹកដីមួយផ្នែកនៅភាគខាងកើតអ៊ុយក្រែន​ ទៅឱ្យទីក្រុងមូស្គូ ជាថ្នូរនឹងការធានាសន្តិសុខរបស់អាម៉េរិក សម្រាប់អ៊ុយក្រែន និងអឺរ៉ុបប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នាពេលអនាគត។

លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានលើកឡើងនៅលើប្រព័ន្ធ X ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តស្វែងរកវិធីសាស្ត្រសក្តានុពលមួយចំនួនសម្រាប់ការបញ្ចប់សង្គ្រាមនេះ ដោយផ្អែកលើទិន្នន័យ ដែលទទួលបានពីភាគីជម្លោះទាំងពីរ។ លោកបានបន្តថា ការបញ្ចប់សង្គ្រាមដ៏ស្មុគស្មាញ និងសាហាវដូចជាសង្គ្រាមនៅអ៊ុយក្រែន ជាដើម តម្រូវឱ្យមានការផ្លាស់ប្តូរគំនិត និងប្រាកដនិយម ហើយការសម្រេចបាននូវសន្តិភាពដ៏យូរអង្វែងនឹងតម្រូវឱ្យភាគីទាំងពីរយល់ព្រមលើសម្បទានដ៏លំបាក ប៉ុន្តែវាជារឿងចាំបាច់។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សឺឡិនស្គី បាននិយាយតាមប្រព័ន្ធតេឡេក្រាម​ដោយមិនធ្វើអត្ថាធិប្បាយអំពីផែនការសន្តិភាពនេះទេ ប៉ុន្តែលោកបានអំពាវនាវដល់ថ្នាក់ដឹកនាំអាម៉េរិក ឱ្យជួយបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកនេះ។ លោក បាននិយាយថា មានតែសហរដ្ឋអាម៉េរិក និងលោក ដូណាល់ ត្រាំ ប៉ុណ្ណោះដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់បញ្ចប់សង្គ្រាមនេះ៕

ដោយ៖ សុខ មង្គល




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ